លោក យឹម ឆៃលី​ “មាស ដែលចម្រាញ់ចេញពីរ៉ែធម្មជាតិ វាគង់នឹងរីងស្ងួតអស់នៅពេលណាមួយ ប៉ុន្តែមាស ដែលចម្រាញ់ពីខួរក្បាលមនុស្ស ពិតជាមិនអាចរីងស្ងួតអស់នោះទេ”

0

ខេត្តកំពង់ចាម៖លោកយឹម ឆៃលី​ បានថ្លែងសង្កត់ធ្ងន់ថា “មាស ដែលចម្រាញ់ចេញពីរ៉ែធម្មជាតិ វាគង់នឹងរីងស្ងួតអស់នៅពេលណាមួយ ប៉ុន្តែ មាស ដែលចម្រាញ់ពីខួរក្បាលមនុស្ស ពិតជាមិនអាចរីងស្ងួតអស់នោះទេ”។ ដោយរាជរដ្ឋាភិបាល បានពង្រឹងនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីធានា និងសម្រេចឱ្យបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសជាងពីឆ្នាំមកនេះ បានការពារ និងទប់ស្កាត់ប្រកបដោយប្រសិទ្ឋិភាពនូវជម្ងឺកូវីដ១៩ ផ្តល់ឱកាសមាសមួយសម្រាប់ក្មួយៗទទួលបានការសិក្សារៀនសូត្រ ដើម្បីអប់រំខ្លួនយើងឱ្យក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គម​។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ​និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញប្រគល់​សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់​និស្សិតជ័យលាភីចំនួន ១.២៦២នាក់​ នៃសាខាសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម​ នៅមណ្ឌលអភិរក្សសួនគ្រញូង នគរបាជ័យ។

ពិធីនេះនៅព្រឹកមិញដោយមានការអញ្ជើញចូលរួមពីលោក ​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា​ ព្រមទាំង​ថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើនជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុង​ពិធី​ លោក យឹម ឆៃលី​ មានប្រសាសន៍ទៀតថា​ វិស័យអប់រំបានដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញការអភិវឌ្ឍ លើគ្រប់វិស័យ និងធានានិរន្តរភាព នៃការអភិវឌ្ឍ​ ទាំងនោះ ប្រៀបបាននឹងរោងចក្រ កែច្នៃមនុស្ស ដែលជាកោសិកាមួយដ៏សំខាន់ នៅក្នុងសង្គម ហើយពួកគេត្រូវមានចំណេះដឹង មានសមត្ថភាពវិជ្ជាជីវៈ មានសមត្ថភាពស្រាវជ្រាវក្នុងការបង្កើតគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីនានា ដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គមមនុស្ស នៅក្នុងបរិបទនៃសម័យឌីជីថល អច្ឆរិយៈបច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើប។

លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វេស្ទើន បានមានប្រសាសន៍ថា អស់រយៈពេលជិត២០ឆ្នាំមកនេះ សកលវិទ្យាលវេស្ទើន បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើគោលការណ៏គុណភាពជាចម្បង ដោយទទួលបាននូវការវាយតម្លៃខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិអំពីគុណភាពនៃការសិក្សា និងបានធ្វើកិច្ចសហការជាមួយសកលវិទ្យានានាលើសកលលោក ពិសេសថ្មីៗនេះ សាកលវិទ្យាល័យវេស្ទើន បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ យ៉ុងណាម ដែលជាសាកលវិទ្យាល័យដ៏ធំ និងល្បីល្បាយនៃសាធារណៈរដ្ឋកូរ៉េ លើជំនាញ ចលនាភូមិថ្មី (សាម៉ោលអុនឌុង) ដែលមានចរិតជួយដល់កសិករ ពាណិជ្ជករ ផលិតករ នៅតាមទីជនបទ ក្នុងការផលិត និងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក​៕SRP