ភ្នំពេញ៖បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសលោក គីម រិទ្ធី ចូលកាន់មុខតំណែង អភិបាលខេត្តព្រះវិហារ។
សូមជម្រាបថាលោក គីម រិទ្ធី អតីតអភិបាលរងខេត្តកណ្តាល នៅអំឡុងឆ្នាំ២០១៤ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២២ រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តកណ្តាល ឲ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយករដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៨៦២ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានត្រាស់បង្គាប់ លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ ដែលនឹងត្រូវដាក់ឲ្យចូលនិវត្ត៕SRP

