លោកយឹម ឆៃលី​ ភាពអសកម្មនៅមូលដ្ឋាន ត្រូវតែចាត់វិធានការលុបបំបាត់ ឲ្យដូចភ្លៀងរលឹម

0

ខេត្តកំពង់ចាម៖លោក យឹម ឆៃលី​ បានណែនាំដល់ថ្នាក់ដឹកនាំ គណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់​ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវ របស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជា​ពលរដ្ឋ​ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។​ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ ភាពអសកម្មនានា​ឲ្យដូចភ្លៀងរលឹម។ លេីសពី​នោះ​ត្រូវបន្តថែរក្សា សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលមាននៅក្នុង មូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីក ការចូលរួមរបស់ ប្រជា​ពលរដ្ឋ​ ក្នុងការថែទាំសមិទ្ធផលផងដែរ​។

លោកយឹម ឆៃលី​ ក៏បានថ្លែងប្រាប់ដល់​មន្ត្រី​បក្ស​ទាំងអស់​ ​ឲ្យបេីក​វេទិកា​សាធារណៈ​ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដេីម្បី​ឲ្យ​បាន​ដឹង​ថា​ប្រជាពលរដ្ឋ​ ខ្វះខាត​អ្វី​ ​និងត្រូវ​ការ​អ្វី​ ហេីយយើង​ត្រូវ​ដោះស្រាយ​ជូន​គាត់​។ លេីសពី​នោះ​ត្រូវ​បន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព​ គឺ​ត្រូវ​ខិតខំលើកកម្ពស់ អភិបាលកិច្ច ធានា ការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេស​ត្រូវ​ពង្រឹង យុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្ត​ឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។​ ហើយ​ត្រូវដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ។

លោក យឹម ឆៃលី​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ ក៏បានណែនាំដល់សមាជិក សមាជិការ គណបក្សស្រុកកងមាស​ ត្រូវ​ខិតខំ​​យកចិត្តទុកដាក់​ធ្វើ​ការ​ដោះស្រាយ នូវ​​ការផ្តល់​សេវា​សំណូមពរ និង​សេវា​កាតព្វកិច្ច ជូន​ប្រជាពលរដ្ឋ​ផងដែរ។

ការ​ណែនាំ​បែប​នេះ​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយ លទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាល វិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥​ នៃស្រុកកងមាស នៅនៅចន្ទនេះដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោកអ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្ត​ និង​ថ្នាក់ដឹកនាំ​ សមាជិក​ ​សមាជិកា​បក្ស​ជា​ច្រើន​រូប​ទៀត​។

ឆ្លៀតក្នុង​ពិធី​ លោក យឹម ឆៃលី ក៏បានថ្លែងអំណរគុណ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា​ ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ច ក្នុងការបម្រើប្រជាជន​ ឲ្យកាន់តែមានជីវភាព សម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់​ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧៕SRP