ខេត្តកំពង់ចាម៖ក្នុងនាមអាជ្ញាធរខេត្តកំពង់ចាម លោក ខ្លូត ចិន្តា អភិបាលរងខេត្តបានថ្លែងថា ការអនុវត្តគោលនយោបាយ គាំពារសង្គម គឺសំដៅ ជួយសម្រាលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ នោះជាវិធានការអន្តរាគមន៍ជំនួយសង្គម រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំពោះកម្មការនីដែលជាស្ត្រីមានផ្ទៃពោះ និងគ្រួសារដែលមានជីវភាពក្រីក្រ និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ-១៩ ផងដែរ។
ការអះអាងបែបនេះក្នុងឱកាសជួបពិភាក្សាការងារសហជីព និងនាំយកអំណោយជូនដល់កម្មការិនីដែលទើបសម្រាល កូនចំនួន ៥គ្រួសារ ក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ នៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
លោក ខ្លូត ចិន្ដា ក៏បានថ្លែងអំណរគុណចំពោះកម្មករ កម្មការិនី ដែលបានអញ្ជើញទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា និងសូមអបអរសាទរ ចំពោះការទទួលបាននូវសមាជិកថ្មី ព្រមទាំងបានជម្រាប ជូនអំពីគោលនយោបាយសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា លោក ខ្លូត ចិន្តា ប្រធានក្រុមការងារកសាង គណបក្សអង្គការ សហជីព ចលនាកម្មករ និយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ខេត្តកំពង់ចាម បានអញ្ជើញចុះជួបពិភាក្សាការងារសហជីព ទាក់ទងនឹង ចំណុចខ្លាំង ចំណុចខ្សោយ នៃលទ្ធនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយបានស្តាប់នូវបញ្ហាប្រឈម បញ្ហាតម្រូវការ និងសំណូមពរ ពីក្រុមការងារសហជីពស្រុក និងគណបក្សឃុំ ទាំង១៥ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះក៏បានពង្រឹងរបៀបរបបរបស់ការងារ សហជីពស្រុក និងក្រុមការងារសហជីពឃុំ ដោយបានជូនក្រមា ដល់អ្នកចូលរួមម្នាក់ ១ ផងដែរ។
លោកក៏បាននាំយកនូវអំណោយជូនកម្មការិនីដែលទើបសម្រាលកូនចំនួន ០៥គ្រួសារ ក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ដោយ ១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី៕SRP

