ខេត្តកំពង់ចាម៖ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ខេត្តកំពង់ចាម បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធ គណៈបញ្ជាការឯកភាពរដ្ឋ បាលក្រុង-ស្រុក ពិសេសប៉ុស្តិ៍នគរបាល រដ្ឋបាល ត្រូវពង្រឹងនូវសមត្ថកិច្ចរបស់ខ្លួនបន្ថែមទៀត។ លោកថា ព្រោះថាបើគិតចាប់ពីឆ្នាំ ២០២២ ដល់២០២៤ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗ ពាក់ព័ន្ធដល់ការបោះឆ្នោត ជាតិ និងក្រោមជាតិ បន្តទៀតផងដែរ។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ណែនាំយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការពារសន្តិសុខ រក្សាសុវត្តិភាព និងសណ្តាប់ធ្នាប់ ក្នុងកំឡុង ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅរសៀលថ្ងៃទី២៧ ខែខែកក្កដាម្សិលមិញ។
ក្នុងដឹកនាំកិច្ចប្រជុំ លោក អ៊ុន ចាន់ដា បានថ្លែងថា ការរៀបចំការបោះឆ្នោត អាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិនោះ មានសន្តិភាព ដូចប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ពោលគឺ មានទាំងស្ថេរភាព នយោបាយ សន្តិសុខ សុវត្ថិភាព ក្នុងសង្គមត្រូវបានធានា និងមានការ អភិវឌ្ឍ ទើបប្រទេសយើងអាចរៀបចំការបោះឆ្នោត ប្រកបដោយរលូន និងទទួលបានលទ្ធផលល្អ ដែលយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ ផងដែរ។
ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្ត ក៏បានសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ ដែនដី គណបក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងជំនះគ្រប់ឧបសគ្គ ដើម្បីការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរីត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ« យុទ្ធនាការជាតិចាក់វ៉ាក់សាំង » ទេីបកម្ពុជាអាចម្ចាស់ការបាន និងអាចគ្រប់គ្រងស្ថានការណ៍ ឲ្យស្ថិតនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលនេះជាអំណោយផលដ៏ល្អ ដល់ដំណើរការ នៃរៀបចំការបោះឆ្នោតរបស់ប្រទេសជាតិ យើង ជាលទ្ធផល គឺមានប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ប្រមាណ ៨០% នៃ ចំនួនអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត៕SRP

