លោក​ អ៊ុន​ ចាន់ដា​ ថ្លែងប្រាប់មន្ត្រីកាកបាទក្រហម​ ឲ្យបង្កើនធ្វើសកម្មភាពមនុស្សធម៌​ បន្ថែមទៀត​

0

ខេត្តកំពង់ចាម៖ លោក​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ បានថ្លែងប្រាប់មន្ត្រី​កាកបាទក្រហម​គ្រប់​ថ្នាក់​ ត្រូវ​ធ្វើ​សកម្មភាព​មនុស្សធម៌​ ក៏ដូចជាការងារ​បម្រើ​សង្គម​ ឲ្យ​ចំ​ទិសដៅ​ និង​ខ្លាំងក្លាជាងមុន​បន្ថែម​ទៀត​។

លោកលេីកឡេីង​បែប​នេះ​ ក្នុង​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១​ និង​លេីក​ទិសដៅ​ការងារ​ឆមាស​ទី​២​ របស់​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ នៅថ្ងៃអង្គារនេះ។ លោក​ អ៊ុន​ ចាន់ដា​ ក៏បានណែនាំ​ដល់​មន្ត្រី​កាកបាទក្រហម​ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយថវិកា និងសម្ភារៈ ដើម្បី ជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើង។ ទន្ទឹមនឹងការរៀបចំផែនការ បន្តចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ការអប់រំទប់ស្កាត់ ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម រួមទាំងជម្ងឺកូវីដ-១៩ តាមមូលដ្ឋាន ជាពិសេស​ត្រូវយកចិត្តទុកដាក់ លើកកម្ពស់ សមត្ថភាពមន្ត្រី រួមជាមួយ ការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ ឲ្យពួកគេក្លាយទៅជា ប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គឧត្តម ជូនកាកបាទក្រហមកម្ពុជា។

លោក អ៊ុន ចាន់ដា ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ គណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំញសកម្មភាព វិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្រេចបានលទ្ធផល គួរឲ្យកត់សំគាល ពិសេស ការលើកកម្ពស់សកម្មភាពការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា។ ការថែទាំសុខភាពសហគមន៍។ ការត្រៀមបង្ការ ការឆ្លើយតប ការជួយសង្រ្គោះ​ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលាផងដែរ​។​

គួរ​បញ្ជាក់​ថា​ ក្នុង​កិច្ចប្រជុំ​នេះ​ ក៏មាន​ការ​ប្រកាសសេចក្តីសម្រេច របស់កាកបាទក្រហមកម្ពុជា ស្តីពី ការទទួលស្គាល់​ លោក អ៊ឹង វិសុទ្ធ ជាសមាជិកគណ:កម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​ ដោយឡែក​ លោក ស៊ាន សុគុន និង លោក សុខ លឹមហៀង ជាសមាជិកបំរុង​ ផងដែរ​៕SRP