អាជ្ញាធរខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងទៀនចំណាំព្រះវស្សា ប្រគេនដល់វត្តចំនួនពីរ

0

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក លោក ជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី​២២​ ខែកក្កដា​ ឆ្នាំ​២០២២​ បាននាំយកទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តចំនួន២ គឺ វត្តជ័យគិរី ហៅ ភ្នំហាន់ជ័យ ស្ថិតនៅក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តសន្ធរង្សី ស្ថិតនៅភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដោយក្នុង ១វត្តៗ មាន៖  ទៀនវស្សា ១គូ អង្ករចំនួន ១០០គក្រ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ ស្កសរ ៥គក្រ តែ ៥គក្រ និងបច្ច័យ ៤.៣០០.០០០រៀល​។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ព្រមទាំង ក្រុមការងារ បានអញ្ជើញអុជទៀនធូប ថ្វាយបង្គំ ព្រះរតនត្រ័យ  និងវេរប្រគេន ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សាដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួងសួងកុសលផលបុណ្យ ទៅដល់ដួងវិញ្ញាណបុព្វការីជន មានមាតា បិតា ជីដូនជីតានិងញាតិការទាំង ៧សណ្ដាន ព្រមទាំង ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ទាំងអស់ ដែលបានបាត់ជីវិត នៅក្នុងសម័យសង្គ្រាម ហើយបានចែកឋានទៅកាន់បក្សលោកខាងមុខ ផងដែរ។ ជាមួយគ្នានោះដែរ ក៏សូមបួងសួង ទៅដល់វត្ថុសក្តិសិទ្ឋិ ក្នុងលោក សូមជួយថែរក្សា ប្រទេសកម្ពុជា ឲ្យកាន់តែរីកចំរើន និងសុខសន្តិភាព គង់វង្សជានិរន្តរ៍ តរៀងទៅអនាគត ផងដែរ។

គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣ខែ ក្នុងទីវត្តអារាម គឺ ចាប់ពីថ្ងៃទី ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែ អស្សុជ ដោយមិនអាចនិមន្តបិណ្ឌបាត្រ ទៅទីណាបានឡើយ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា តែងនាំនូវទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម ដើម្បី ប្រគេនព្រះសង្ឃ សម្រាប់អុជបំភ្លឺ និងមានចង្ហាន់ របស់របរប្រើប្រាស់មួយចំនួនទៀត សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងអំឡុងពេលកាន់ព្រះវស្សា រយៈពេល ៣ខែ នេះ ផងដែរ។

ដោយឡែក បើតាមជំនឿសាសនា អានិសង្ឃ នៃអ្នកដែលបានប្រគេនទៀនព្រះវស្សា គឺទទួលបានបុណ្យកុសលច្រើនណាស់ ដូចជា នឹងបានជាមនុស្ស ដែលមានរូបកាយ ពណ៌ សម្បុរល្អ ចិត្តល្អ និងមានទ្រព្យធន មិនខ្វះថែមទៀតផង៕SRP