អាជ្ញាធរខេត្តកំពង់ចាម​ ចុះពិនិត្យ អាជីវកម្មបូមខ្សាច់ក្នុងស្រុកចំនួនពីរ

0

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នៅអង្គារ ម្សិលមិញ បានដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះសួរសុខទុក្ខ​ ក្រុមការងារចម្រុះ និងពិនិត្យការងារគ្រប់គ្រងការធ្វេីអាជីវកម្មខ្សាច់ ក្នុងភូមិសាស្រ្តស្រុកចំនួនពីរ គឺស្រុកស្រីសន្ធរ​ និងស្រុកកងមាស​។

សូមជម្រាបថា​ លោក អ៊ុន ចាន់ដា ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ បន្តចុះពិនិត្យ សិក្សាទីតាំងបាក់ស្រុតច្រាំងទន្លេ ១កន្លែង ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីធ្វើការស្តារ និងជួសជុសឡើងវិញ ឲ្យបានទាន់ពេលវេលា​ ចៀសវាងការបាក់ស្រុតដល់សាលារៀន​ ​ក៏ដូចជា​លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

បើតាមភ្នាក់ងារ សៀមរាបប៉ុស្ដិ៍ បានរាយការណ៍នៅព្រឹកនេះថា កន្លងមក លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ ​ធ្លាប់បានលេីកឡេីងថា មានព័ត៌មានទាក់ទង នឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ​ និងថាមពល​ បានអនុញ្ញាតច្បាប់ឲ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់។ ប៉ុន្តែម្ចាស់អាជីវកម្មមិនបាន បូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ ដែលបានបង្កឲ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើ​ឲ្យ​រដ្ឋាភិបាល មានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ។

ដូច្នេះ​លោកអភិបាលខេត្ត​ ក៏បានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្ម បូមសាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ​ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ ទៅតាមទីតាំង ដដែលក្រសួងរ៉ែនិងថាមពល បានកំណត់ក្នុងច្បាប់អនុញ្ញាត នឹងឈានទៅលុបបំបាត់ឲ្យអស់នូវភាពអាណាធិបតេយ្យផងដែរ៕SRP