ថ្នាក់ដឹកនាំខេត្តកំពង់ចាម យកទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួនបួន​

0

ខេត្តកំពង់ចាម​៖ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ឋសាសនា នាឱកាសរដូវចូលព្រះវស្សាឆ្នាំ​២០២២​ នេះ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ​ លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ញូង ចរិយា ព្រមទាំងលោក លោកស្រី​ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត បាននាំយក ទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនទដល់​វត្ត ចំនួន​៤​ ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

រួមមាន៖ វត្ត ខេមវ័ន បឹងស្នាយ វត្តបុទុមរតនដីដុះ វត្តសុទស្សនារាម ជ្រោយថ្ម និងវត្តជោតនារាម បឹងកុក ដោយក្នុង ១វត្ត មានទៀនវស្សា ១គូ អង្ករចំនួន ១៥០គក្រ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥យួរ  ទឹកស៊ីអ៊ីវ ៥យួរ មី ១កេសធំ ទឹកដោះគោ ១កេសធំ ស្កសរ ៥គក្រ តែ ៥គក្រ និងបច្ច័យ ១លានរៀល។ ក្រៅពីនោះ ប្រគេនព្រះសង្ឃចំនួន ៧អង្គ ក្នុង ១អង្គ ទេយ្យវត្ថុ ១ និងបច្ច័យ ២០០ ០០០រៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្រ្តក។

ក្នុងឱកាសនោះ លោក ខ្លូត ផន លោក អ៊ុន ចាន់ដា​ និងលោកស្រី ព្រមទាំង ក្រុមការងារ​ បានអុជធូប​ថ្វាយបង្គំ​ព្រះរតនត្រ័យ​ និងវេរប្រគេនទាន ព្រះវស្សា និងទ័យវត្ថុ ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួង​សួង​ សុំឲ្យ​វត្ថុ​សក្តិសិទ្ឋិ សូមជួយថែរក្សា​ប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើន មានសន្តិភាព គង់វង្សជានិរន្តរ៍តរៀងទៅអនាគត។

បន្ទាប់មកព្រះសង្ឃ ក៏បាន​ធ្វើ​បទនម​សក្ការ​ប្រោះព្រំឲ្យពរឲ្យជ័យ សេរីសួស្តី ជ័យមង្គលជូនដល់ ឯកឧត្តម លោកជំទាវ និង​លោក លោកស្រី ពុទ្ធបរិស័ទ ពិសេស បានឧទ្ទិសកុសលដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការ​ទាំង ៧សណ្ដាន ព្រម​ទាំង​ ឧទ្ទិសបុណ្យកុសលដល់វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានលះបង់ជីវិតក្នុងបុព្វ​ហេតុ​​ជាតិ មាតុភូមិ ផងដែរ។

គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣​ខែ​ ក្នុង​ទីវត្ត​អារាម គឺ ចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែ​អស្សុជ ដោយមិនអាចនិមន្ត​បិណ្ឌបាត​ទៅ​ទីណាឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទ ដែលមានសទ្ឋា​ជ្រះថ្លា​ក្នុងព្រះពុទ្ឋសាសនា តែងប្រគេនទានព្រះវស្សា និងទ័យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម​ ដើម្បី​ ព្រះសង្ឃបានអុជបំភ្លឺ និងមាន​ចង្ហាន់ របស់របរប្រើប្រាស់ ក្នុងកំឡុងពេលកាន់ព្រះវស្សា ៣ខែ នេះ។

សូមបន្ថែមដែរថា បើតាមជំនឿ អានិសង្ឃ​ នៃអ្នក​ដែល​បានប្រគេន​ទានព្រះវស្សា គឺបានបុណ្យច្រើនណាស់ ដូចជានឹង​បាន​ជាមនុស្សដែលមានរូបកាយ ពណ៌​សម្បុរ​ល្អ ចិត្តល្អ និងមានទ្រព្យធន មិនខ្វះ។ល។៕SRP