ភ្នំពេញ៖ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស លើវិស័យពាណិជ្ជកម្ម សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឯកឧត្តម លើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេស ផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន។
សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន ចំពោះរបាយការណ៍ពាក់ព័ន្ធ នឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។ សម្តេចតេជោ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ នៅវិមានសន្តិភាព នៅថ្ងៃសុក្រនេះ ក្នុងឳកាសអនុញាតិឱ្យឯកឧត្ដម បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្ដម រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ។
ក្នុងជំនួប ឯកឧត្តម អេ ខេ អាប់ឌុល ម៉ូមិន បានជម្រាបជូនសម្ដេចតេជោ នូវគោលបំណងចង់ពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃផងដែរ៕SRP

