ឃាត់រថយន្តដឹកដី ដែលធ្វើអោយធ្លាក់ដីប្រលាក់ផ្លូវ ហើយហុយ និងធ្វើអោយប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ

0

ខេត្តសៀមរាប៖មន្ត្រីចរាចរណ៍ បានចុះឃាត់រថយន្តដឹកដី ជាច្រើនគ្រឿង ដែលធ្វើអោយធ្លាក់ដីប្រលាក់ផ្លូវ ហើយហុយ និងធ្វើអោយបះពាល់សុខភាពពលរដ្ឋ។

ការចុះឃាត់ធ្វើឡើងនៅព្រឹក ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ ២០២២ ស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយកម្លាំងអន្តរាគមន៍ នៃការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថាការចុះឃាត់រថយន្តដឹកដី ខាងលើដោយសារតែ រថយន្តដឹកដីក្រុមហ៊ុន ឌឹម ម៉េង ទាំងនោះ ធ្វើអោយធ្លាក់ដីប្រលាក់ផ្លូវ ហើយហុយ និងធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ។

ទោះជាយ៉ាងណាមន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាប នៅពុំទាន់បញ្ជាក់លម្អិត ចំពោះចំនួនរថយន្តដឹកដី ដែលបានឃាត់ទុកនៅឡើយទេ។

ប្រជាពលរដ្ឋ បានសម្ដែងនូវការគាំទ្រចំពោះមន្ត្រីនគរបាលចរាចណ៍ខេត្តសៀមរាប ដែលបានចុះឃាត់រថយន្តដឹកដីទាន់ពេលវេលា ដើម្បីលើកកម្ពស់បរិស្ថាន និងផ្លូវមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អ៕SRP