លោក អ៊ុន​ ចាន់ដា​៖ កត្តា​សុខសន្តិភាព​ ជា​ម្លប់​នៃ​ក្តីសង្ឃឹម​ របស់​យើងទាំងអស់គ្នា​ ​

0

ខេត្តកំពង់ចាម​៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការជួប​ជុំគ្នា​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​ ក្នុងថ្ងៃនេះ គឺ​បានមក​ដោយសារ​ប្រទេស​ជាតិយើង​ មាន​សុខសន្តិភាព​ ខណៈ​កត្តា​សុខសន្តិភាព​ ជា​ម្លប់​នៃ​ក្តីសង្ឃឹម​របស់​យើងទាំងអស់គ្នា ធ្វើឲ្យយើង​អាច​ជួបជុំគ្នា​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង។ ហេីយក៏បាន​ផ្ដល់នូវ​ការអភិវឌ្ឍ​រីកចម្រើន​ នៅក្នុង​ភូមិ ឃុំ របស់​យើង ជាពិសេស​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​កម្រិត​ជីវភាព របស់​ប្រជាពលរដ្ឋ​យើង ពោលគឺ មាន​សន្តិភាព​ ទេីបមាន​ការអភិវឌ្ឍទាំងពុទ្ធិចក្រ និងអាណាចក្រ ​ប្រជាពលរដ្ឋ​​ មាន​ជីវភាព​ធូ​ធារ​ និងមានឱកាសគ្រប់គ្រាន់​ សម្រាប់​ធ្វើ​បុណ្យ​ ដាក់​ទាន​តាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

ការ​ថ្លែង​បែប​នេះ​ក្នុងពិធីបុណ្យចម្រេីនព្រះជន្ម​៩០ព្រះវស្សា និងស្រោចសុគន្ធវ៉ារី​ ព្រះ​ទេពសោភ័ណ្ឌ​ ហ៊ាប​ គន់​ ព្រះអនុគណស្រុកកោះសូទិន​ និងជាព្រះចៅអធិការវត្តជោតនារាម​ (វត្តដំណាក់ព្រីង​) ស្ថិត​ក្នុង​ឃុំមហាលាភ​ ស្រុកកោះសូទិន​ នៅរសៀល​ថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ​២០២២​។ ​

លោក អ៊ុន ចាន់ដា បាន​ថ្លែងថា ថ្វីត្បិតតែ​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​ហើយ ត្រូវបាន​រាជរដ្ឋាភិបាល បាន​បើក​ប្រទេស​ឲ្យ​ដំណើរការ​ឡើងវិញ​.ឲ្យ​ប្រជាពលរដ្ឋ​ អាច​ប្រកបមុខរបរ​បាន​ជាធ​ម្ម​តា និង​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ​ប្រជាពលរដ្ឋ​ធ្វើបុណ្យ​តាម​ទា​វត្ត​អារាម​ នានា នឹង​ប្រារព្ធ​ពិធី​ផ្សេងៗ​ បាន​ផងដែរ។

អភិបាលខេត្តបញ្ជាក់ថា ការជួប​ជុំគ្នា​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​ នៅថ្ងៃនេះ ដោយសារតែ​បងប្អូន​ ប្រជាពលរដ្ឋ​យើង បានរួម​គ្នា​យកឈ្នះ​លើ​ជំងឺ​កូវីដ​១៩ ដោយបាន​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​ស្ទើរតែ​គ្រប់គ្នា​នៅក្នុង​ខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ ដើម្បី​ប្រជាពលរដ្ឋ​យើង​ អាច​ជួបជុំគ្នា​បាន​នៅ​គ្រប់​កម្មវិធី​ បន្តទៅទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ ទី​៣,​ទី​៤, និង​ទី​៥ ជា​បន្តបន្ទាប់​តាម​ការកំណត់​របស់​គ្រូពេទ្យ​ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បន្ត​យកឈ្នះ​លើ​ជំងឺ​កូ​វីដ​១៩​នេះ បន្តទៀត និង​ប្រជាពលរដ្ឋ​យើង អាច​ជួបជុំគ្នា​បាន​រាល់​កម្មវិធី​ផ្សេងៗ​នាពេលខាងមុខ​ទៀត​បាន៕SRP