អភិបាលខេត្តកំពង់ចាម​ ឲ្យបង្កើនបណ្តុះនិងដាំកូនឈើ ឲ្យបានច្រើនបន្ថែមទៀត

0

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវ​ដល់​ ព្រះមន្ត្រីសង្ឈ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះ​ស្ថាន​​សិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើន​បន្ថែម​ទៀត​ ពីមួយឆ្នាំទៅមួយឆ្នាំ ពោល​គឺ​ត្រូវដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង នៅលើ​​ដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើន​ផងដែរ​។ ​

អំពាវនាវបែបនេះ ក្នុងឱកាស​ប្រារព្ធ​ពិធី​រុក្ខទិវា ៩ កក្កដា​ នៅថ្ងៃទី​៧​ ខែកក្កដា​ ឆ្នាំ​២០២២​នេះ។

លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់អង្គការជាតិ-អន្តរ​​ជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ឲ្យបន្តកិច្ចសហប្រតិ​​បត្តិ​​​​ការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើ ឲ្យបានជាអតិបរមា ពីព្រោះថាដើមឈើ ដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍។ ចំពោះ​ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍​ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគី ទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន។ នៅតាមវត្តអារាម សាលារៀន សួនច្បារ មានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លា ប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តថែមទៀតផង។

បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការប្រារព្ធពិធី រុក្ខទិវាថ្ងៃនេះ គឺបានកំណត់យកទីតាំង នៅក្នុងបរិវេណ វត្តបភាវត្យារាមគគរ ស្ថិត​ក្នុង​ឃុំគគរ ស្រុកកំពង់សៀម ដែលបានជ្រើសរើសយកប្រភេទឈើល្អៗមានតម្លៃ សម្រាប់​ធ្វើការ​ដាំដុះ សរុបចំនួន ១.៣០០ដើម ក្នុងនោះជាប្រភេទ កូនក្រញូង បេង ធ្នង់ ឈើទាល និងកូនក្ងោក។ ក្រៅពីនោះ ក៏មានកូនឈើសម្រាប់ចែកចាយ ទៅដល់មន្ទីរ អង្គភាព សាលារៀន ប្រជាពលរដ្ឋ​ ចំនួន ១.០០០ដើម ដើម្បី យកទៅដាំដុះ ផងដែរ៕SRP