អភិបាលខេត្តកំពង់ចាម​ ប្រាប់​សមាជិក​ ក្រុមប្រឹក្សា​ឃុំ​ ឲ្យសាមគ្គីភាព​គ្នា ដេីម្បី​បម្រើ​ផល​​​​ប្រយោជន៍​ដល់​ពលរដ្ឋ​

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានស្នើដល់សមាជិក្រុមប្រឹក្សា.ឃុំ សង្កាត់ ជាប់ឆ្នោតថ្មី ត្រូវ​រក្សា​គោល​ចំហរ​សាមគ្គីភាព​ ដេីម្បី​បម្រើ​ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋទាំង​អស់​ ដោយស្មើភាព និងយុត្តិធម៌ ពុំមានការប្រកាន់និន្នាការ​នយោបាយ ព្រមទាំង​អនុវត្ត​ឲ្យ​បាន​ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់​ផងដែរ​៊

ការ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សាឃុំចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ នៅថ្ងៃទី​៥​ ខែកក្កដា​ ឆ្នាំ​២០២២​។

លោក​​ អ៊ុន​ ចាន់ដា​ បានលើកឡើងថា​ បន្ទាប់ពីការប្រកា​ស​លទ្ធផលជាផ្លូវការនៃការបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្ស នយោបាយនានា ដែលបានប្រកួ​ត​ប្រជែង ក្នុងពេលបោះឆ្នោត នឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់​ ជាអាជ្ញាធរសាធារណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាងឲ្យ ប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ សង្កាត់​ របស់ខ្លួន ដែល​​ត្រូ​វការពារ និងបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋគ្រប់ៗរូប គឺមិនតំណាងឲ្យតែប្រជាពលរដ្ឋ ដែលគាំទ្រ​គណបក្ស​របស់ខ្លួននោះឡើយ។

លោកអភិបាលខេត្ត​ បាន​បន្ត​ថា​ សមាជិកក្រុមប្រឹក្សាឃុំ​ សង្កាត់ដែលមកពីគណបក្សផ្សេងៗ គ្នា ត្រូវខិតខំរួបរួមសាមគ្គី សហការធ្វើការជាមួយគ្នាប្រកដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ​ នៅក្នុងឃុំ សង្កាត់​របស់ខ្លួន ដោយមិនត្រូវមានការរើសអើង បែងចែកពណ៌សម្បុរ ឬនិន្នាការនយោបា​យ​នោះឡើយ។​ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សនយោបា​យ​ផ្សេងៗគ្នា​ ដែលបានប្រកួតប្រជែងគ្នា​ ក្នុងពេលបោះឆ្នោត ក៏មិនត្រូវធ្វើការបែងចែក ការគុំគួន ការរើ​ស​អើ​ង​ខាង​នយោបាយដាក់គ្នានោះឡើយ។ ពោលគឺ​ត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក​ ឲ្យបានល្អនៅតាមសហគមន៍​ មូលដ្ឋា​ន​​​នានា និងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាឃុំ សង្កាត់​ ជាប់ឆ្នោត ដើម្បីអភិវឌ្ឍ មូលដ្ឋា​ន​​របស់ខ្លួនឲ្យកាន់តែមានការរីកចម្រើនបន្តទៀត។

លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ស្នើ​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី គណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ទាំងអស់ត្រូវខិតខំរួមគ្នាលើកកម្ពស់ វប្បធម៌នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បី​រស់នៅ និងបំពេញការងាររួមគ្នា ប្រកបដោយភាពសុខដុមរមនា ក្នុងសង្គម សម្រាប់ជាមូលដ្ឋាន​ ក្នុងការ​ធានាចីរភាពដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍ​សង្គមឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន បន្តទៀត​ផងដែរ​៕SRP