អភិបាលខេត្តកំពង់ចាម ផ្តាំផ្ញេី​ដល់​មេឃុំ​ ចៅសង្កាត់​ថ្មី​ ឲ្យរក្សា​គោល​ចំហរ​អព្យាក្រឹត​ ​ដេីម្បី​រួមគ្នា​​បម្រើ​ប្រជាពលរដ្ឋ​

0

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​ប្រកាស​សុពលភាព​ លោកស្រី​ ឃាង​ ស៊ី​ផាន​ ជា ចៅសង្កាត់​សំមួរមាស​ ក្រុងកំពង់ចាម​ នៅចន្ទនេះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ផ្តាំផ្ញេី​ដល់​មេឃុំ​ ចៅសង្កាត់​ថ្មី​ ឲ្យរក្សា​គោល​ចំហរ​អព្យាក្រឹត​ ដេីម្បី​រួមគ្នា​​​បម្រើ​ប្រជាពលរដ្ឋ​ ដោយ​ពុំមានការ​ប្រកាន់​​ និន្នាការ​ គណបក្ស​នយោបាយ​ផ្សេងគ្នា​ ពោលគឺ​ត្រូវ​យក​ចិត្ដទុកដាក់អនុវត្ដ​ឲ្យ​បានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិ​ខិតបទ​ដ្ឋាន​គតិ​យុត្ដិនានារប​ស់​ រាជរ​ដ្ឋាភិ​បា​ល​ ឲ្យបានម៉ត់ចត់ រួមទាំងការធានាបា​ននូវ​សាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នា នៅក្នុងការបំពេញការងាររបស់ខ្លួន​។

អភិបាលខេត្ត​ បាន​ថ្លែងថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរ​តួនាទីយ៉ាងសំខាន់​ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍ​ តាមបែបប្រជា​ធិបតេយ្យនៅថ្នាក់មូលដ្ឋាន។

លោក​ អ៊ុន​ ចាន់ដា​ បាន​បន្តថា​ អភិ​បាលកិច្ចល្អតម្រូវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើជាតំណាងឲ្យផលប្រយោជ​ន៍​ របស់ប្រជាពលរដ្ឋ ទាំងអស់នៅមូលដ្ឋាន ដូចនេះក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ត្រូវមានតួនាទី និងភារកិ​ច្ច​ក្នុងការ​ឆ្លើ​យ​​​​​​​តបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអភិវឌ្ឍ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសា​ង និង​ពង្រឹ​ងព​ង្រី​ក​ហេដ្ឋារចនាសម្ព័ន្ធសាធាណៈដែលសំខាន់ចាំបាច់ឲ្យបានកាន់តែប្រសើរឡើង និងប្រក​​​ប​​ដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព​ ដើម្បី​​ឈាន​ឆ្ពោះ​ទៅ​​​​​​​រួ​មចំណែកក្នុងការកាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ​។

អភិបាលខេត្ត ក៏បាន​លេីក​ឡើងថា​ ចំពោះ​ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ត្រូវបានវាយតម្លៃថាមាន​លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មាន​អំពើហិង្សា ហើយ​លទ្ធ​ផ​ល​នៃការបោះឆ្នោតត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា​ ដែល​​បា​ន​​ចូលរួមក្នុងការ​បោបោះឆ្នោតនេះផងដែរ៕SRP