អភិបាលខេត្តកំពង់ចាម ព្រមានមិនលើកលែងជាដាច់ខាត ចំពោះអ្នកចូលអន្តរាគមន៍ ក្ក្នុងបទល្មើសគ្រឿងញៀន

0

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានព្រមានមិនអត់ឱន ចំពោះអ្នកចូលអន្តរាគមន៍ ក្ក្នុងបទល្មើសគ្រឿងញៀន ជាដាច់ខាត។

លោក អ៊ុន ចាន់ដា បាន​សង្កត់​ធ្ងន់ថា​៖សម្រាប់រូបខ្ញុំ គឺខ្ញុំនឹងមិនមានការយោគយល់​ និងលើកលែងជាដាច់ខាត ចំពោះករណីល្មើស មួយនេះ​ ផ្ទុយទៅវិញ ខ្ញុំនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត ចំពោះបុគ្គលដែលមានសមត្ថកិច្ច ណាលូកដៃចូលអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀននេះ​។​

លោក អ៊ុន ចាន់ដា​ ក៏បានអំពាវនាវ​ សូមឲ្យមានការចូលរួមទាំងអស់គ្នា​ ដេីម្បីការពារ សហគមន៍យេីង ពីការបំពានដោយគ្រឿងញៀនខុសច្បាប់​ ដេីម្បី​ធានាបាននូវភាពសុខសាន្ត សម្រាប់សហគមន៍យើង ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត។ លោកថា បច្ចុប្បន្ននេះ បញ្ហាគ្រឿងញៀន វាកំពុងតែបំផ្លាញអនាគត របស់កូនចៅយើង ដូច្នោះ យើងទាំងអស់គ្នា ត្រូវចូលរួមទប់ស្កាត់ តាមរយ:ការរាយការណ៍ជាសម្ងាត់​។​

ថ្លែង​បែប​នេះ​ ក្នុង​ឱកាស​ប្រារព្ធ​​ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​​ ក្រោមប្រធានបទ​ “ដោះស្រាយ​បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព​ និងមនុស្ស​ធម៌“ ដែល​បាន​ធ្វើឡើង​នៅថ្ងៃទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នៅ​ស្រុកបាធាយ​។

ក្នុងពិធី លោក​ អ៊ុន ចាន់ដា ក៏បានដាក់ចេញនូវវិធានការណ៍ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវតាមដាន និងគ្រប់គ្រង ឲ្យបានចាប់ នូវមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬក៏ចាត់វិធានការណ៍ បង្ក្រាបឲ្យខាងតែបានតាមដីការបស់តុលាការ។​ សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក​ ត្រូវចូលរួម​ឲ្យ​បានសកម្មជាមួយនឹងគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព​ ជាពិសេសចលនាប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពនេះឲ្យបានច្រើន​។

សម្រាប់បងប្អូន ប្រជាពលរដ្ឋ សូមយោគយល់ ដល់សមត្ថកិច្ច ក្នុងការបំពេញនីតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយចូលរួមសហការ ក្នុងនាមជាប្រជាពលរដ្ឋល្អ។​

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែងអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ឲ្យ​ចូលរួមចំណែកអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព​ នោះ គឺគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។​ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី​ និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។​ ហើយ​ត្រូវ​មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ​ផងដែរ​៕SRP