អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យ បង្រ្កាប អាជីវកម្មបូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់

0

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឲ្យមន្ត្រីទប់ស្កាត់ និងបង្ក្រាប រាល់អាជីវកម្ម បូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត។

ការបញ្ជារបស់អភិបាលខេត្តធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំបន្ទាន់មួយនៅរសៀល ថ្ងៃទី២៣ ខែមិថុនា ម្សិលមិញ។

ក្នុង​កិច្ចប្រជុំ អភិបាលខេត្ត​ ​បានលេីកឡេីងថា កន្លងមក ធ្លាប់មានព័ត៌មាន ទាក់ទងនឹងការធ្វើអាជីវកម្ម បូមខ្សាច់ ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ​ និងថាមពល​ បានអនុញ្ញាតច្បាប់ឲ្យពួកគាត់ ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបាន បូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើអោយរដ្ឋាភិបាល មានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ។

ជុំវិញហេតុផលបែបនេះអភិបាលខេត្ត​ បានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបូមសាច់ ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ​ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែ​ និងថាមពលបានកំណត់ ក្នុងច្បាប់អនុញ្ញាត នឹងឈានទៅលុបបំបាត់ ឲ្យអស់នូវភាពអាណាធិបតេយ្យ។

បើតាមលោក លី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាម​ មានក្រុមហ៊ុន សហគ្រាសចំនួន ២២ អាជ្ញាប័ណ្ណ។ ដោយកន្លងទៅបញ្ហាប្រឈម ពោលគឺ ម្ចាស់ក្រុមហ៊ុន សហគ្រាស បានបោះពងសម្គាល់ ដែនអាជ្ញាប័ណ្ណ រួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្សបាន ដោយសារអ្នកនេសាទ កាត់ចោលជាញឹកញាប់។ ម្យ៉ាងទៀត មន្ត្រីខ្វះមធ្យោបាយ សម្រាប់ចុះបង្ក្រាប នៅពេលកើតមាន បទល្មើស​ផងដែរ​៕SRP