សត្វខ្យង ដែលតែងបំផ្លាញដំណាំ​ កំពុង​​មាន​ទីផ្សារ​ ទៅក្រៅប្រទេស

0

ខេត្តកំពង់ចាម​៖សត្វ​ខ្យង​មាស​ ឬ​ខ្យង​ថៃ​ កំពុង​តែ​មាន​ទីផ្សារ​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ខណៈប្រភេទខ្យងនេះ​តែងតែ​បំផ្លិចបំផ្លាញ​ នូវ​ផល​ដំណាំ​ស្រូវ​ របស់​កសិកផងដែរ។

បេីតាមឈ្មួញ​កណ្ដាល​ម្នាក់​ឈ្មោះ​ វណ្ឌី​ ភេទ​ប្រុស​ អាយុ៣៣​ឆ្នាំ​ រួមនឹង​ប្រពន្ធ​ រស់នៅ​ក្នុង​ភូមិ​រអាងលេី​ ឃុំ​រអាង​ ស្រុកកំពង់សៀម​​ ខេត្ត​កំពង់ចាម​​ បាន​ឲ្យ​ដឹងថា​៖ គាត់​បាន​​ប្រកប​មុខរបរ​ទិញ-លក់​ ខ្យង​មាស​ ឬ​ខ្យង​ថៃ​នេះឡេីងវិញ​មួយរយៈពេល​ខ្លី​ប៉ណ្ណោះ​ បន្ទាប់​ពី​ជម្ងឺ​កូវីដ​-១៩​ ត្រូវ​បានស្ងប់ស្ងាត់​ និង​មាន​ការ​បេីក​ច្រក​ព្រំដែន​ឡេីងវិញ​ ។

ឈ្មួញ​កណ្ដាល​រូប​នេះ​ បាន​បន្ត​ថា​ សម្រាប់​ការ​ប្រកបមុខរបរនេះ​ គឺគាត់​ត្រូវ​ជិះ​ម៉ូតូ​រឺម៉ក​ដើរ​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​ជិត​ៗ​ ក្នុង​នោះ​ក៏​មាន​អ្នក​ភូមិ​មួយ​ចំនួនទៀត​បាន​​ដឹក​ជញ្ជួន​យក​មក​លក់​ឲ្យ​គាត់​​ដល់​ផ្ទះ​តែម្ដង​​។ ដោយគាត់​បាន​ទិញ​ចូល​ក្នុង​១គីឡូក្រាម​ តម្លៃ​៤០០រៀល​ ហេីយលក់​ចេញ​​ក្នុង​១គីឡូក្រាម​ តម្លៃ​៥០០រៀល​​ ពោលគឺ​ចំណេញ​បាន​ចំនួន​​១០០រៀន​​ ក្នុង​១គីឡូក្រាម​។ ដោយ​ក្នុង​១ថ្ងៃ​គាត់​អាច​ទិញ​ខ្យងបាន​ចាប់ពី​១០​ ទៅ១២តោន​ឯណេះ​ ហើយ​ឈ្មួញ​មក​ទិញ​បន្ត​ជារៀង​រាល់​ថ្ងៃ​ ដេីម្បី​​យក​ទៅ​លក់​​នៅ​ប្រទេស​វៀតណាម​។

ឈ្មួញ​កណ្ដាល​ដដែល​ បាន​បញ្ជក់​​ថា​ ចំពោះ​ខ្យង​ស្ងោរ​ក្នុង​ ៣០០គីឡូ​ យេីងអាចឆ្កឹះយកតែសាច់ក្បាល​ បាន​៧៥គីឡូក្រាម​ ដោយ​ក្នុង​ ១គីឡូ​ តម្លៃ​ ​២៥០០រៀល​ ចំណែក​ឯខ្យង​ខ្មែរ​វិញ គឺទិញ​ចូល​ក្នុង​ ១គីឡូក្រាម​ តម្លៃ​ ៣០០០​រៀល​ និង​លក់​ចេញ​បាន​តម្លៃ​ ៣៥០០រៀល​។ ដែលអ្នកប្រកប​មុខរបរ​ធ្វើ​ស្រែ​ចំការ​ ក៏​អាចឆ្លៀត​ឱកាស​ដើរ​រក​ខ្យង​លក់​ ដេីម្បី​​រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ ក្នុង​​គ្រួសារ ហើយ​មួយ​ផ្នែក​ទៀត​ គឺ​ផល​ដំណាំ​ស្រូវ​របស់​គាត់​ក៏​បាននៅ​ល្អ​ ដោយ​មិន​មាន​សត្វ​ខ្យង​ កាត់​បំផ្លាញ​ផងដែរ​​។

សូមជម្រាបថាកន្លង​មក​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​និងនេសាទ​ បាន​ប្រមូលទិញពី ប្រជាពលរដ្ឋ​ ដេីម្បី​យកទៅកំទេចចោល​ ដែល​អាច​និយាយ​បាន​ថា​ នេះ​ជា​ផល​ចំណេញ​មួយ​សម្រាប់​រដ្ឋ​ និង​កសិករយើង​​ ហើយ​ក៏ជា​ឱកាស​សម្រាប់​បងប្អូន​ ប្រជាពលរដ្ឋ​ ក្នុង​ការ​រក​ប្រាក់​កម្រៃ​​ផ្គត់ផ្គង់​ជីវភាព​ ក្នុងគ្រួសារ​ផង​ដែរ​៕SRP