សម្តេចហ៊ុន សែន ស្រក់ទឹកភ្នែកនិងអួលដើម.ក ពេលរំលឹកអំពីប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសវៀណាម កាលពី៤៥ឆ្នាំមុន

0

ខេត្តត្បូងឃ្មុំ៖សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានសម្រក់ទឹកភ្នែក និងអួលដើម.ក ខណៈ ដែលសម្តេចបានរំលឹកអំពីប្រវត្តិសាស្រ្ត ទៅកាន់ប្រទេសវៀណាម កាលពី៤៥ ឆ្នាំមុន ដើម្បីស្នើសុំកងកម្លាំងវៀតណាមមកជួយ រំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ថ្ងៃនេះ កាលពី៤៥ ឆ្នាំមុន សម្តេចបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយ ពី ក្រុមគ្រួសារ ជាពិសេសពីកូនប្រុស ដែលមិនទាន់បានកើតនៅឡើយ ដើម្បីគោលដៅដ៏សំខាន់មួយ គឺការស្វែងរកការរំដោះជាតិមាតុភូមិ។

សម្តេចតេជោ ហ៊ុនសែន ថ្លែងបន្តថា, ទោះជាស្ថិតនៅក្នុងស្បៃអន្ធការ នៃសោកនាដកម្ម និងអំពើឃោឃៅ ជាច្រើនដែល សម្តេចតេជោ បានឆ្លងកាត់ក្នុងពេលនោះ តែសម្តេច បានជម្នះឧបសគ្គទាំងអស់បាន ហើយងើបឡើងតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ មាតុភូមិ និងប្រជាជន។

កិច្ចខិតខំប្រឹងប្រែងរបស់សម្តេចត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ ០៧ មករា ១៩៧៩។

សូមបញ្ជាក់ថា, សម្តេចមានប្រសាសន៍បែបនេះ ខណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16  ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២៕SRP