ចោរលួចគាស់ផ្នូរសព គ្រីស្ទាន យកធាតុបោះចោលក្នុងព្រៃ

0

ខេត្តសៀមរាប៖ដីកប់សពគ្រីស្ទាន ត្រូវបានបុគ្គលមួយក្រុម ឃុបឃិតគ្នាយកដីលក់ ហើយលួចគាស់ផ្នូរសពដោយគ្មានការឯកភាព ពីក្រុមគ្រួសារសពមួយចំនួន។

ករណីបែបនេះ រហូតដល់មានរឿងចម្រូងចម្រាស ប្ដឹងផ្ដល់គ្នាដល់សាលាក្រុងសៀមរាប និងមន្ទីរធម្មការនិងសាសនា តែជាលទ្ធផល មិនមានដំណោះស្រាយណាមួយដែលសមស្រប អាចឲ្យម្ចាស់ផ្នូរសពទទួលយកបានឡើយ។

ដីលប់សពនេះ ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ប្រភពបានឲ្យដឹងថា ផ្នូរសពគ្រីស្ទានមួយចុងក្រោយ ដែលសាច់ញាតិក្រុមគ្រួសារសព មិនព្រមគាស់ចេញពីដីកប់សព និងមិនព្រមទទួលយកប្រាក់សូកប៉ាន់ ពីក្រុមអ្នកលក់ដីកប់សព ឥឡូវត្រូវបានគេលួចគាស់ផ្នូរសព រួចយកធាតុបោះចោលទៅក្នុងព្រៃ។

យោងតាមមាត្រា-២៦១ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ខែ ទៅ ១(មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន)រៀល ទៅ ២,០០០,០០០ (ពីរលាន)រៀល។

ទន្ទឹមនឹងនេះមាត្រា-២៦២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា អំពើប្រមាថតាមមធ្យោបាយណាមួយក៏ដោយ ទៅលើផ្នូរ ទីបញ្ចុះសព កោដ្ឋ ឬទៅលើសំណង់ដែលកសាងឡើង សម្រាប់រំលឹកវិញ្ញាណក្ខន្ធនៃអ្នកទទួលមរណភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ទៅ ២,០០០,០០០ (ពីរលាន) រៀល ផងដែរ។

ករណីនេះ ម្ចាស់ផ្នូរសពគ្រីស្ទានដង្ហើយសុំអាជ្ញាធរគ្រប់ជាន់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសតុលាការខេត្តសៀមរាប មេត្តាស៊ើបអង្កេតករណីនេះផង ដើម្បីផ្តល់យត្តិធម៌ដល់គ្រួសារសពផង៕SRP