លោកហ៊ុន ម៉ាណែត៖​ យុវជនជាកម្លាំងស្នូល ក្នុងការ​ផ្តួលរំលំរបបអាវខ្មៅប៉ុលពត

0

ខេត្តកំពង់ចាម​៖លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ យុវជនជាកម្លាំងស្នូល របស់គណបក្សប្រជាជនកម្ពុជា អស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុងការផ្តួលរំលំរបបអាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះ ក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹង ប្រកបដោយថាមពលខ្លាំងក្លា ក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើងថែមទៀត។​

លោកហ៊ុន ម៉ាណែត សមាជិកគណ: អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម ននៅចន្ទនេះ។

ក្នុង​ពិធី​នេះដែរ​ លោក ហ៊ុន​ ម៉ាណែត​ បាន​លេីកឡេីងថា​៖ ការជ្រើសរើស គណបក្ស នយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារ គេហដ្ឋានមួយដូច្នោះដែរ ដោយចាប់ផ្តើមពីការជ្រើសរើស យកស្ថាបត្យករ និងវិស្វករ ដែលមានជំនាញត្រឹមត្រូវ ប្រកបដោយបទពិសោធន៍ ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានទាំងសោភ័ណភាព សុវត្ថិភាព និងផាសុកភាព។ បន្ទាប់មក ទើបត្រូវការអ្នកសាងសង់ ដែលកេរ្តិ៍ឈ្មោះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាបាននូវភាពរឹងមាំយូរអង្វែងរបស់របស់អគារ។ ក្នុងន័យនេះ សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ជាក់ស្តែងយ៉ាងលើសលប់ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយ នានាសម្រាប់ការដឹកនាំ និងគ្រប់គ្រងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្លាប់សម្រេចបាននូវស្នាដៃ និងសមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។ ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប​៕SRP