សមាជិក គណបក្សប្រជាជន ខេត្តកំពង់ចាម ជាង៤ពាន់នាក់ ចេញឃោសនា​ រកសំឡេងបោះឆ្នោត

0

ខេត្តកំពង់ចាម​៖សមាជិកគណបក្សប្រជាជន ជាង៤ពាន់នាក់ ​បានចូលរួម​​ប្រារព្ធ​ពិធី​បេីក​​យុទ្ធនាការ​ ឃោសនា​ ស្វែង​រកសំឡេងឆ្នោត នៅ​ក្នុង​ក្រុង​កំពង់ចាម​។

ពិធី​​បេីក​ការ​ឃោសនា​ នៅថ្ងៃ​ទី២១​ ខែឧសភា​ ឆ្នាំ​២០២២​នេះ​​ ក្រោមវត្តមាន លោក​​ អ៊ុន​ ចាន់ដា​​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម។

លោក​ អ៊ុន​ ចាន់ដា​​ បាន​ធ្វើ​ការ​ប្រកាស​បេីកយុទ្ធនាការ​ឃោសនា​ ស្វែង​រក​សំឡេង​ឆ្នោត​ ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិ​ទី​៥​ ព្រមទាំង​បានថ្លែងនូវគោលនយោបាយ សំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា​ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង​ ដោយប្រមូល​កម្លាំង​គ្រប់និន្នាការ​ នយោបាយ​រួបរួម​គ្នា​ កសាងប្រទេស​ជាតិ​​ឲ្យ​កាន់តែមានការ​អភិវឌ្ឍន៍រីកចម្រើន​ឡើង​ សំបូររុងរឿងស្ថិតស្ថេរគង់វង្ស​ ឲ្យ​ប្រទេសយើង​ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព​ និងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​គណបក្ស​នយោបាយ​ ដែលបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ គ.ជ.ប​ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ស្វែង​រក​សំឡេង​ឆ្នោត​គាំទ្រ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិ​ទី​៥​ ​នេះ​ ក្នុង​ខេត្តកំពង់ចាម​ គឺមាន​ចំនួន​១៣​ ​គណបក្ស​ ចំពោះ​យុទ្ធនាការឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​ គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​គត់​ ដែល​បាន​ធ្វើ​ពិធី​ដង្ហែរ​ក្បួន​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ជាង​គេ​ ដោយឡែក​ គណបក្ស​នយោបាយ​ ផ្សេងៗ​ទៀត​ មិន​​មាន​សកម្មភាព​អ្វី​ធំដុំ​គួរឲ្យ​កត់សម្គាល់​នោះ​ទេ​៕SRP