លោកស៊ុយ សែម អះអាងថា ប្រជាពលរដ្ឋ ជាង២លានខ្នងផ្ទះ បានតភ្ជាប់បណ្តាញប្រើប្រាស់អគ្គិសនី

0

ខេត្តសៀមរាប៖រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងថា ក្នុងគោលនយោបាយ ផ្គត់ផ្គង់ថាមពលនេះ កម្ពុជា បានអនុវត្តបាននូវការអូសខ្សែតភ្ជាប់បណ្តាញចរន្តអគ្គិសនី បានចំនួន៩៨ភាគរយ នៃចំនួនភូមិសរុបចំនួប្រមាណ១៤.៣៩០ភូមិនៅទូទាំងប្រទេសកម្ពុជា។

លោកស៊ុយ សែម បានអះអាងថាក្នុងនោះដែរប្រជាពលរដ្ឋចំនួន៨៤ភាគរយ នៃប្រជាពលរដ្ឋប្រមាណជា២លានខ្នងផ្ទះក៏បានតភ្ជាប់បណ្តាញប្រើប្រាស់រួចរាល់ហើយដែរ ខណៈត្រឹមឆ្នាំ២០២២នេះ។ លោកថា ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេស សម្រេចបាន៩៨ ភាគរយ នៃចំនួនភូមិសរុបនៅក្នុងប្រទេសកម្ពុជា។

លោក ស៊ុយ សែម បានបញ្ជាក់ថា ចំពោះភូមិ២ភាគរយ ដែលនៅសេសសល់ មិនទាន់បានបញ្ជូនបណ្តាយអគ្គិសនី ទៅនោះ ជាភូមិដាច់ស្រយាល នៅក្នុងព្រៃ គ្មានផ្លូវចូល ឬជាភូមិបណ្តែតទឹកជាដើម តែទោះជាយ៉ាងណា ក្រសួងនឹងខិតខំរកប្រភពថាមពល ផ្សេងៗដើម្បីផ្គត់ផ្គង់ដល់ភូមិប្រជាពលរដ្ឋទាំងនោះ។

លោកបានបញ្ជាក់ថាបច្ចុប្បន្នកម្ពុជាមានទំបន់ វារីអគ្គិសនីចំនួន៧ ដែលកំពុងដើរតួនាទីជាឆ្អឹងខ្នងនៃវិស័យថាមពលរបស់កម្ពុជា។ ក្រៅពីនោះកម្ពុជាក៏នៅមានរោងចក្រអគ្គិសនី ដែលដើរដោយថាមពលធ្យូងថ្ម និងប្រភពថាមពលដែលទិញពីប្រទេសជិតខាងផងដែរ។

លោកស៊ុយ សែម អះអាងបែបនះក្នុងពិធីប្រកាសចូលកាន់តំណែងលោក ឡេង លាត ជា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តសៀមរាប នៅថ្ងៃអង្គារម្សិលមិញ នៅសាលាខេត្តសៀមរាប។

បើតាមស៊ុយ សែម បច្ចុប្បន្ននេះប្រទេស កម្ពុជា មានលទ្ធភាពផ្គត់ផ្គត់អគ្គិសនីប្រមាណជា៣៨០០ មេហ្គាវ៉ាត់ ក្នុងនោះ ខេត្តសៀមរាប បានប្រើប្រាស់អស់ប្រមាណជា១០០មេហ្គាវ៉ាត់ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ការប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា បានធ្លាក់មកត្រឹមតែជាង២ពាន់ម៉េហ្គាវ៉ាត់ ដែលកត្តានេះ បានធ្វើឲ្យអគ្គិសនីកម្ពុជាខាតធនយ៉ាងច្រើន។

លោកថា ទោះជាយ៉ាងនេះក្តី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន បានខិតខំ ស្វែងរកនូវប្រភពថាមពលមកផ្គត់ផ្គង់ ចែកចាយជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្រាន់ និងមានស្ថេរភាព និរន្តរភាព និងតម្លៃសមរម្យ៕SRP