ខេត្តបាត់ដំបង៖លោកសុខ លូអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា សូមកុំឱ្យមានការភ័យខ្លាចថា វ៉ាក់សាំងកូវីដ-១៩ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ តាមការរយៈការញុះញង់ពីជនអគតិមួយចំនួនឡើយ។
លោក សុខ លូ បន្តថា ទោះបីមានការធូរស្បើយ នូវជំងឺកូវីដ-១៩ហើយក្ដី សូមប្រជាពលរដ្ឋទាំងអស់ បន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលនៅជិត ពិសេសសម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួចរាល់បន្ទាប់ពី៣-៤ខែ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៤ និងដូសបន្តបន្ទាប់ទៀត តាមកាលកំណត់ជាក់ស្ដែង។
លោកសុខ លូ ប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារចត្តាឡីស័កមួយខ្នង នៃមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង
នៅថ្ងៃអង្គារនេះ។
លោក សុខ លូ បានមានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស រួមទាំងការចាក់វ៉ាក់សាំងកូវីដ ផងនោះ យើងពិតជាទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់នៅលើសមរភូមិកូវីដ ប៉ុន្តែតម្រូវឱ្យយើងបន្ត រៀនរស់ក្នុងប្រក្រតីភាពថ្មី ជាមួយនឹងកូវីដ និងចេះទទួលខុសត្រូវក្នុងសង្គម ដោយត្រូវការពារខ្លួនយើង គ្រួសារយើង និងសហគមន៍របស់យើងកុំឱ្យឆ្លងជំងឺកូវីដ ពីព្រោះ ជំងឺកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយនោះទេ ហើយនៅក្នុងប្រទេសនានានៅលើសកលលោក គឺនៅតែមានការឆ្លងជំងឺនេះនៅឡើយ។
លោកបានបន្តទៀតថា បើទោះបច្ចុប្បន្នថ្វីត្បិតតែជំងឺកូវីដ-១៩បានធូរស្បើយច្រើន មិនមានអ្នកធ្វើចត្តាឡីស័កទៀតនោះ ក៏អគារមណ្ឌលចត្តាឡីស័កនេះមិនទុកចោលដែរ ពោលគឺយើងនឹងធ្វើការប្រើប្រាស់ មណ្ឌលនេះ ជាមណ្ឌលសំរាក ព្យាបាលជំងឺទូទៅ ដោយមិនប្រកាន់ជំងឺអ្វីឡើយ ហើយបើសិនជាមានការផ្ទុះជំងឺកូវីដ-១៩ដោយប្រការណាមួយ នឹងប្រើប្រាស់មណ្ឌលនេះជាមណ្ឌលចត្តាឡីស័កវិញម្ដង។
លោកសុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និងសុខុមាលភាពសាធារណរដ្ឋកូរ៉េ និងអង្គការមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំប្រទេសកូរ៉េ ដែលតែងតែចូលរួមវិភាគទានយ៉ាងច្រើន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យសុខាភិបាល នៅប្រទេសកម្ពុជា ជាក់ស្ដែងអង្គការក៏បានជួយសម្របសម្រួល និងផ្ដល់អំណោយដ៏ថ្លៃថ្លា នូវអគារចត្តាឡីស័កនៃមណ្ឌលសុខភាពត្រាងដ៏ថ្មីសន្លាងមួយនេះ៕SRP

