ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញការរៀបចំ ទាំងសកម្មភាព និងឯកសារនានា ដេីម្បីគាំទ្រធ្វើយ៉ាងណា ឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ឲ្យមានភាពត្រឹមត្រូវ យុត្តិធម៌ ស្របទៅតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
ថ្លែងជំរុញបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃអង្គរនេះ។
អភិបាលខេត្ត ក៏បានក្រេីនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ឲ្យមានភាពទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចតួនាទីរបស់ខ្លួន ពោលគឺត្រូវទទួលនូវអ្វីដែលខ្លួនបានអនុវត្ត មិនថាខុស ឬក៏ត្រូវ គឺត្រូវទទួលយកទាំងអស់ កុំទទួលយកតែត្រូវ ហើយអ្វីដែលខុសរុញទៅឲ្យអ្នកដទៃ។
ក្នុងកិច្ចប្រជុំលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម៕SRP

