ខេត្តសៀមរាប៖សម្តេច ទៀ បាញ់ បានថ្លែងប្រាប់ក្រុមការងារ ឲ្យបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់ ពីជីវភាពរស់នៅ និង ពីសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍ វិធានការដោះស្រាយ បានជាក់ស្តែង និង សមស្របជូនបងប្អូន។
សម្តេចទៀ បាញ់ បានលើកឡើងថា៖ ដើម្បីរក្សាឲ្យបាននូវប្រៀបឈ្នះ គឺក្រុមការងារទាំងអស់ ត្រូវបន្តនិងខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និង ចូលរួមដោះស្រាយបញ្ហាប្រឈមតាមសំណើ និង សំណូមពរនានារបស់ប្រជាពលរដ្ឋ។
សម្តេច ទៀ បាញ់ ក៏បានស្នើដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបទាំងអស់ ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និង អ្នកគាំទ្រគណបក្ស ព្រមទាំងរៀបចំពិធីបញ្ចូលសមាជិកថ្មី ដែលបានកសាងរួចឲ្យបានសកម្មផុលផុសនៅគ្រប់មូលដ្ឋាន និង ត្រួតពិនិត្យ ពង្រឹងការគ្រប់គ្រង សមាជិកបក្សចាស់ ពង្រីកសមាជិកថ្មី ក្នុងមូលដ្ឋានខ្លួន ឲ្យបានច្បាស់លាស់ និង ត្រូវធ្វើការជួបជុំជាមួយសមាជិកបក្ស អ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗ តាមមូលដ្ឋានរបស់ខ្លួន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃសមិទ្ធផល របស់គណបក្ស និង រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជំនឿ របស់សមាជិកបក្ស និង អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹង ប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ។ សម្តេចថា៖ ដើម្បីទទួលបានជ័យជម្នះ ជូនគណបក្សប្រជាជនកម្ពុជា នោះ ក្រុមការងារទាំងអស់ វាមិនមែនជាកិច្ចការដោយឡែករបស់បេក្ខជននោះទេ តែជាការងារដែលត្រូវមានកិច្ចសហការដឹកនាំ ពីក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យការងារចលនា គណបក្សប្រជាជន នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ដោយត្រូវខិតខំអនុវត្តន៍គ្រប់ការងារ ដែលត្រូវធ្វើបន្តតាមការណែនាំ របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក បានដាក់ចេញផងដែរ។
សម្តេច ក៏បានលើកនូវតួអង្គសំខាន់ចំនួន៤ ដែលនាំឲ្យឈ្នះលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ពេលខាងមុខគឺ តួអង្គទី១ / បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់ , តួអង្គទី២ /ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ , តួអង្គទី៣/នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍ និង តួអង្គទី៤/ក្រុមការងារចុះជួយភូមិ ឃុំ សង្កាត់។ សម្តេចបានផ្តាំផ្ញើឲ្យ បេក្ខភាព ទាំងអស់ខិតខំបន្តយកចិត្តទុកដាក់ ផ្ដល់សេវារដ្ឋបាលសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព គុណភាព ក្នុងការធ្វើការឲ្យបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ មានតម្លាភាព ទទួលខុសត្រូវខ្ពស់ និងយុត្តិធម៌ ដោយមិនមានការរើសអើង មិនប្រកាន់និន្នាការនយោបាយនោះឡើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយបេក្ខភាពឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃសៅរិ៍ម្សិលមិញ នៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប៕SRP

