មេទ័ពជើងគោក៖ ការជួបជុំសប្បាយរីករាយ ធ្វើបុណ្យពេលនេះ គឺជាផ្លែផ្កាអនុវត្ត នយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល

0

ខេត្តកំពង់ចាម​៖លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា​៖ ចំពោះ​ការជួបជុំសប្បាយរីករាយ និងឱកាសធ្វើបុណ្យធ្វើទាន ក៏ដូចជាការកសាងសមិទ្ធផលនានារួមគ្នា ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺជាផ្លែផ្កានៃការអនុវត្តមាគ៌ានយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតាំងពីដើមរៀងមកតែងតែឈរនៅក្បែរប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅក្នុងគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុរំដោះជាតិ, ការពារជាតិ, ស្តារកសាងជាតិ, អភិវឌ្ឍជាតិ និងធានានរន្តរភាពនៃសន្តិភាពសម្រាប់ជាតិ។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា​៖ទីវត្តអារាម ជាកន្លែងប្រមូលផ្តុំពុទ្ធសាសនិកជន ដែលមានជំនឿយ៉ាងមុតមាំលើ ព្រះពុទ្ធសាសនា សម្រាប់ជួបជុំធ្វើបុណ្យទានបំពេញកុសល, ជាទីពំនាក់អាស្រ័យសម្រាប់អ្នកគ្មានទីពឹងបង្អែក, ជាទីស្នាក់អាស្រ័យរបស់សិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្រីក្រ, ជាទីបង្អែកខាងផ្លូវចិត្ត, ជាឃ្លាំងផ្ទុកចំណេះដឹង, ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌​ និងអក្សរសាស្រ្តជាតិ នាគ្រប់សម័យកាល​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ថ្លែងបែបនេះក្នុងពិធីសម្ពោធឆ្លងមហាកុដិភ្លោះ និងសមិទ្ធផលនានា នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ស្ថិត​ក្នុង​ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃសុក្រម្សិលមិញ។

លោកឧត្ដមសេនីយហ៊ុន ម៉ាណែត បាន​លេីកឡេីងថា​៖ ការដឹកនាំដោយធម៌ គឺ​ពិតជាសំខាន់ណាស់​ ដែល​រាជរដ្ឋាភិបាលសព្វថ្ងៃ បានដឹកនាំដោយផ្អែកលើគោលការណ៍នេះ សំដៅយ៉ាងណាឱ្យប្រជាពលរដ្ឋ ចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។​

លោក​ឧត្ដមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​ បាន​បញ្ជក់​ថា​ សមិទ្ធផលទាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមចំណែកដោយមិនអាចខ្វះបានរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ តាមរយៈការបំពេញនូវតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទូន្មានកូនចៅ និងបញ្ជូនពួកគាត់ឱ្យទៅសាលារៀនដើម្បីឱ្យពួកគាត់ក្លាយខ្លួនជាពលរដ្ឋល្អ មានមនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវលើជោគវាសនាខ្លួនឯង គ្រួសារ សង្គមជាតិ និងចូលរួមកសាងជាតិ ថែរក្សាការពារសន្តិភាព និងសមិទ្ធផលជាតិ និងខិតខំបំពេញកាតព្វកិច្ចជាពលរដ្ឋល្អតាមតួនាទីរៀងៗខ្លួន ជាពិសេស ការចូលរួមជ្រើសរើសអ្នកដឹកនាំប្រទេសបានត្រឹមត្រូវផងដែរ​៕SRP