ខេត្តកំពង់ចាម៖លោក ហ៊ុន ម៉ាណែត បានលេីកឡេីងថា ឯករាជ្យភាពរបស់ប្រទេសជាតិមួយ គឺត្រូវពឹងលើសមត្ថភាពរបស់ប្រជាជាតិនោះជាកត្តាចាំបាច់។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈកាលជាង ៤០ ឆ្នាំមកនេះ បានសម្រេចនូវស្នាដៃ និងសមិទ្ធិផលយ៉ាងធំធេង ជាច្រើន នៅក្នុងការបណ្តុះបណ្តាល កសាងធនធានមនុស្ស បម្រើឱ្យសេចក្តីត្រូវការរបស់សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ពិតណាស់ គឺមានកត្តា ២ យ៉ាងសំខាន់ៗ ដែលនាំឱ្យសម្រេចបាននូវជោគជ័យនេះ ហើយតទៅអនាគតទៀត កត្តាទាំង ០២ នេះ ក៏នឹងបន្តឋិតនៅដោយឥតប្រួលប្រែ៖ ទី១. រាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ និងត្រឹមត្រូវ ដោយបានចាត់វិស័យអប់រំជាវិស័យ អាទិភាពខ្ពស់ជាងគេ ហើយបានចាត់តាំងអនុវត្តគោលនយោបាយនេះប្រកបដោយប្រសិទ្ធភាព និងទី២. ការគាំទ្រជឿជាក់ និងការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងវិស័យឯកជន និងសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ដែលបានរួបរួមគ្នាសាមគ្គីគ្នា ជាធ្លុងមួយ ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ តាមរយៈការកសាងសមិទ្ធិផលនានា ដែលបម្រើឱ្យសេចក្តីត្រូវការក្នុងកិច្ចការបណ្តុះបណ្តាល ធនធានមនុស្សផងដែរ។
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារសិក្សា អគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់ សញ្ញាបត្រ បរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចហ៊ុន សែន ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម នៅរសៀល
ថ្ងៃចន្ទម្សិលមិញ។
លោក ហ៊ុន ម៉ាណែត បានលេីកឡេីងថា សច្ចភាពប្រវត្តិសាស្ត្រ របស់កម្ពុជា ក្រោយឆ្នាំ១៩៧៩ ដែលបង្ហាញចេញតាមរយៈការរស់រានឡើងវិញ លើគ្រប់វិស័យ ដោយជាក់ស្តែង គឺនៅក្នុងវិស័យ ពុទ្ធិកសិក្សានេះផ្ទាល់ ដែលត្រូវបានធ្លាក់ចុះដល់ចំណុចសូន្យ ហើយរហូតមកទល់ពេលនេះ មានសាលាពុទ្ធិកសិក្សាសរុបនៅទូទាំងប្រទេសប្រមាណជិត ១.៥០០ សាលា គឺពិតជាបានផ្តល់នូវយុត្តិធម៌ សម្រាប់គណបក្សប្រជាជនកម្ពុជា នៅក្នុងគ្រប់ការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ ដោយគណបក្សប្រជាជន តែងបានទទួលនូវជ័យជម្នះដោយមានការគាំទ្រពី ប្រជាពលរដ្ឋ ភាគច្រើនបំផុត ដែលនៅតែស្រឡាញ់ ជឿជាក់ និងផ្តល់ទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយទស្សនវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន ម៉ាណែត ក៏បានលេីកឡើងដែរថា ការបំពេញ ឱ្យគ្នាទៅវិញទៅមក រវាងខាងអាណាចក្រ និងខាងពុទ្ធចក្រ គឺជាកត្តាមិនអាចខ្វះបាន ដោយប្រៀបបានទៅនឹងមនុស្សដែលមានតែជីវិត និងកាយសម្បទា គឺមិនទាន់គ្រប់គ្រាន់ ពេញលក្ខណៈនៅឡើយទេ ហើយជាការចាំបាច់ណាស់ ដែលត្រូវបំពេញដោយចំណេះវិជ្ជា និងកត្តាគុណធម៌ សីលធម៌បន្ថែមទៀត។ ក្នុងន័យនេះ សាសនា ក៏បានចូលរួមចំណែកយ៉ាងសកម្មផុសផុល នៅក្នុងការអប់រំបណ្តុះគំនិត និងការសាបព្រួស ចំណេះដឹង ព្រមទាំងការអប់រំកាយ វាចាចិត្ត ដើម្បីលើកកម្ពស់គុណធម៌ និងសីលធម៌សង្គម ដែលជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់ភាពសុខដុមរមនា របស់សង្គមជាតិកម្ពុជា៕SRP

