សម្តេចតេជោ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានការកើនឡើងលើសផែនការ

0

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍បន្តថា ជាការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងលើសផែនការ៥ពាន់លានដុល្លារ តែទោះជាយ៉ាងនេះក្តី យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខ។

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់បែបនេះ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃពុធ នេះក្នុងឱកាស បានអនុញ្ញាតឲ្យលោក ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ បានជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ លោក ឌិញ ទៀនហ្ស៊ុង បានគោរពវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ជំងឺកូវី-១៩ របស់ប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ។ លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីស្ថានភាព ក៏ដូចជាការទប់ស្កាត់ជំងឺ Covid-19 នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ភាពស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍ របស់រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវារដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដូចជាការពង្រីក ពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបាននូវភាពជោគជ័យ នូវរាល់សេចក្តីថ្លែងការក៏ដូចជាកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែបានព្រមព្រៀងគ្នាកន្លងមក៕SRP