សម្តេច ហ៊ុន សែន មានបំណងដកបំរាមការពាក់ម៉ាស នៅទីសាធារណៈ

0

ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន១ លាន៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នៅថ្ងៃចន្ទ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានបំណងចង់ដកបំរាមការពាក់ម៉ាសនៅទីសាធារណៈ ប៉ុន្តែនៅទីបិទដែលជិតនៅតែបន្តពាក់ម៉ាសដដែល ប៉ុន្តែការសម្រេចនេះ នឹងរង់ចាំកិច្ចប្រជុំពិសេសនៅថ្ងៃនេះសិន ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹង ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការដែលសម្ដេចមានបំណងចង់ដកបំរាមការពាក់ម៉ាសតាមទីសាធារណៈនេះ គឺក្នុងគោលបំណងកាត់បន្ថយការចំណាយទៅលើការទិញម៉ាស របស់ប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវចំណាយប្រាក់កាសច្រើនណាស់ទៅលើការទិញម៉ាសនេះ។ ដូច្នេះនេះ គឺជាការរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញផងដែរក្រោយពីប្រទេសយើងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវី19 បានជោគជ័យ ជាពិសេសការចាក់ស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋបានដ៏ច្រើនលើសលប់នោះ។

សម្ដេចតេជោក៏នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ទី៣សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ និងឈានទៅដល់ការលុបនូវកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមទីសាធារណៈ នាពេលខាងមុខនេះផងដែរ៕SRP