ពលរដ្ឋចំនួន៣ស្រុក នៅខេត្តកំពង់ចាម ទទួលបានប្រភពទឹកស្រោចស្រពកសិផល

0

ខេត្តកំពង់ចាម៖ពលរដ្ឋចំនួន៣ស្រុកនៅខេត្តកំពង់ចាម ស្រុកបាធាយ​ ជេីងព្រៃ​ និង​ស្រុក​កងមាស​ ទទួលបានប្រភពទឹកជូន​ពលរដ្ឋសម្រាប់ប្រើប្រាស់ស្រោចស្រព កសិផល។

ការទទួលបាននេះបន្ទាប់ពីលោក អ៊ុន ចាន់​ដា អភិបាលខេត្តកំពង់ចាម​ ចុះ​ដោះស្រាយ​បញ្ហា​កកស្ទះ​ ដេីម្បី​បន្តការសាងសង់​សំណង់​​ទំនប់​បង្ហៀរ ស្ថិតនៅ​ក្នុងភូមិ​ស្ទឹង​ឆ្វេង ឃុំ​ច្បារអំពៅ ស្រុក​បាធាយ នៅថ្ងៃសុក្រមម្សិលមិញ។

បើតាម​លោក យុទ្ធ ចាន់​ផល មេឃុំច្បារអំពៅ បាន​ប្រាប់​ឲ្យ​ដឹងថា សំណង់​បង្ហៀរ (​ទ្វារ​២) លើ​ស្ទឹង​ឆ្វេង សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​១ ប្រវែង ១០០ ម៉ែត្រ និង សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​២ មាន ប្រវែង​២០០ ម៉ែត្រ ទទឹង មាន​ប្រវែង ៥,៦០ ម៉ែត្រ។ ដោយសំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​១ សាងសង់​បាន ៩០% ហើយ ចាប់ផ្ដើម​សាងសង់ ក្នុង​ខែ​មិនា ឆ្នាំ ២០២២ ។ ដោយឡែក សំណង់​ប​ង្អៀ​រ (​ទ្វារ​២) ទី​២ កំពុង​ចាប់ផ្ដើម​ដំណើរការ​សាងសង់។

លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ឆ្នាំ​២០២១ កន្លងទៅ តំបន់​ខាងលើ​មានការ​ចម្រូងចម្រាស់ ខ្វែងគំនិត​គ្នា​ពី​សំណាក់​ប្រជាពលរដ្ឋ​ នៅ​សងខាង​ស្ទឹង ដោយ​កាលនោះ​មានមតិ​ខ្លះ​មិនឱ្យ​ទប់​ទំនប់​រក្សា​ទឹក និង​មតិ​ខ្លះទៀត​ចង់​ទប់​ទំនប់​រក្សា​ទឹក។ រហូតដល់​អភិបាលខេត្ត​កំពង់ចាម លោក​ អ៊ុន ចាន់​ដា បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះមក​ពិនិត្យ​សិក្សា​ដោយផ្ទាល់ ទើប​រៀបចំ​ផែនការ​ដើម្បី​សាងសង់​ទំនប់​បង្ហៀរ នេះ​ឡើង ក្នុង​គោលបំណង​ដោះស្រាយ​ទំនាស់​របស់​ប្រជាពលរដ្ឋ និង​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ចំនួន ៣ ស្រុក ឱ្យមាន​ប្រភពទឹក​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​ស្រូវប្រាំង​ជាដើម។

លោក​មេឃុំ​ច្បារអំពៅ បាន​បញ្ជាក់ថា ការសាងសង់​ទំនប់​បង្ហៀរ​នេះ គឺមាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ដូចជា នៅពេលដែល​ទឹក​ស្រក​ផុត​ទៅ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស នៅ​តំបន់​នេះ អាច​អាច​ធ្វើដំណើរ​ឆ្លងស្ទឹង ឬ​ដឹក​កសិផល​ឆ្លងកាត់ ដោយ​មិនចាំបាច់​ប្រើ​ទូក​ចម្លង ឬ​ធ្វើ​ស្ពាន​ឆ្លង​ដូច​មុន​ទេ​៕SRP