ខេត្តកំពង់ឆ្នាំង៖អ្នកសារព័ត៌មានចំនួន៤នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយកាលពីរសៀលថ្ងៃទី ២២ ខែមេសា ម្សិលមិញ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។
លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានដាក់លិខិតស្នើសុំទៅស្ថាប័នតុលា ឱ្យជួយដោះលែង អ្នកសារព័ត៌មានចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ឆ្នាំ២០២២ ចោទ ចំនួន៣បទល្មើស គឺបទ ចូលលំនៅឋានឆែកឆេរសួរនាំពុំមានការអនុញ្ញាត, បទលួចថត និង បទជ្រៀតជ្រែកកិច្ចការមុខងារសាធារណៈ ពាក់ព័ន្ធហាងលក់ម៉ូតូ១កន្លែង។
ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវឃាត់ខ្លួន ១,ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកយកព័ត៌មាន រស្មីស្ទឹងត្រង់។ ២, ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់។ ៣,ឈ្មោះ មិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក។ និង ៤,ឈ្មោះ ប៊ុត ចន្ថា ភេទប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។
លោក ទេស វិបុល បានឲ្យដឹងថា នៅរសៀលម្សិលមិញ អ្នកទាំង៤ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយដើមបណ្តឹង និងចុងចោទទាំង៤នាក់ បានចាប់ដៃយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរ ក្រោមការសម្របសម្រួលរបស់លោកប្រធានសមាគម។ លោកក៏បានបានរៀបចំអាហារសាមគ្គី ផ្តល់មតិអប់រំល្អ ជូនក្រុមអ្នកកាសែតដែលបានចូលរួម ឱ្យយល់ដឹង និងចៀសវៀងការប្រព្រឹត្តអំពើខុសច្បាប់បន្តទៀត។
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ក៏បានសូមអំពាវនាវអ្នកសារព័ត៌មានទាំងអស់គ្នា ចូលរួមសហការល្អ ជាមួយអាជ្ញាធរពេលចុះបំពេញការងារ និង សូមចូលរួមគោរពច្បាប់ជាគោល លិខិតបទដ្ឋានគតិយុត្តិនានា និង ក្រមសីលធម៌វិជ្ជាជីវៈព័ត៌មាន ឲ្យបានខ្ជាប់ខ្ជួន ជាពិសេស អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន « កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»៕SRP

