លោកចាន់ណា បដិសេធមិនពាក់ព័ន្ធ ជាមួយរថយន្តបែនដឹកថ្មបង្កប់ឈើ ដែលមេព្រៃសៀមរាប បង្ក្រាបនោះទេ

0

ខេត្តសៀមរាប៖លោកចាន់ ណា បានធ្វើការបដិសេធ ថាមិនពាក់ព័ន្ធ ជាមួយរថយន្តបែនដឹកថ្មបង្កប់ឈើ ដែលរដ្ឋបាលព្រៃឈើសៀមរាបបង្រ្កាបនោះទេ។

លោកចាន់ ណា បានបដិសេធនេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួន បានចុះផ្សាយថាករណីរដ្ឋបាលព្រៃឈើសៀមរាប បង្ក្រាបរថយន្តដឹកឈើមួយគ្រឿង កាលពីម្សិលមិញនោះ ជារបស់លោកហើយយករូបថតលោកទៅជាប់នឹងរថយន្តដឹកឈើទៀតផង។

លោកចាន់ ណា បានបញ្ជាក់ថា អ្នកសារព័ត៌មាន មួយចំនួនមុនធ្វើការចុះផ្សាយអំពីរូបលោកហើយយករូបថតលោកទៅចុះផ្សាយត្រូវស្រាវជ្រាវ អោយបានច្បាស់លាស់ចៀសវាងប៉ះពាល់កិត្តិយសរបស់លោក។ ជាមួយនេះដែរលោកចាន់ ណា ក៏បានបញ្ជាក់ថា លោកអាចនឹងប្ដឹងអ្នកមួយចំនួនដែលយករូបថតលោកទៅចុះផ្សាយដោយមិនមានការពិត។

សូមបញ្ជាក់ថា រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប នៅស្រុកស្វាយលើនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។

រថយន្តបែនដឹកថ្មលួចបង្កប់ឈើនេះពាក់ស្លាកលេខ ភ្នំពេញ ៣E៩៣៩៥ ពណ៌សលាយខ្មៅ ប្រភេទកង់ ១០ ហើយត្រូវបានរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់សៀមរាបប៉ុស្ដិ៍ថា ករណីបង្ក្រាបរថយន្តបែនដឹកថ្មលួចបង្កប់ឈើកាលពីម្សិលមិញនោះ នៅពុំទាន់ដឹងចំនួនឈើនៅឡើយទេ គឺថ្ងៃចន្ទអាចធ្វើការទម្លាក់វាស់វែង។

បើតាមប្រភពបានដឹងថាម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាម្ចាស់ដេប៉ូឈើមួយ កន្លែងហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ៕SRP