អភិបាលខេត្តកំពង់ចាម កោតសរសើរ មន្ត្រីដែលបានធ្វើការ បង្ក្រាបបទល្មើសនាៗ

0

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងរដ្ឋបាលខេត្ត ទៅបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជាការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសធនធានធម្មជាតិ ល្បែងស៊ីសង និងបានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ។ លើសពីនេះ សម្រាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ដែលបាន​ចូលរួម​ប្រឡងប្រណាំង​ចលនា​ភូមិ-ឃុំមានសុវត្ថិភាព​ ក្នុងឆ្នាំ​២០២១កន្លង​ទៅ​នេះ​ គឺទទួលបានជ័យលាភីលេខ១ ទាំង១០៩ឃុំ-សង្កាត់​ លេី​១០៩ឃុំ​-សង្កាត់​ នៅ​ទូទាំង​ខេត្តកំពង់ចាមតែម្តង។

ការលើកឡើងរបស់អភិបាលខេត្តកំពង់ចាម
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មហាខ្ញូង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន នៅថ្ងៃសុក្រម្សិលមិញ។

លោក​ អ៊ុន ចាន់ដា ក៏បានជំរុញដល់​កងកម្លាំង​នគរបាល​ ឲ្យបន្តពង្រឹងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ ហេីយត្រូវ​រួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ​ផងដែរ​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានស្នើដល់​កងកម្លាំង​នគរបាល​ទាំងអស់​ ត្រូវបន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឲ្យសក្កិសមជាអ្នកបម្រើប្រជាពលរដ្ឋ និងត្រូវខិតខំធ្វើការងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណា​ត្រូវ​បម្រើសេវាសន្តិសុខ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ឲ្យ​ប្រជាពលរដ្ឋ មានទំនុកចិត្តមកលើ​សមត្ថកិច្ច​អាជ្ញាធរ​យើង ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំង​ខិតខំសម្របសម្រួល បង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ពេលដែលពួកគាត់មកទទួលសេវាផ្សេងៗ។

អភិបាលខេត្តថា ដើម្បីការពារតំណែងជ័យលាភី លេខ១នេះ ឲ្យបានតទៅមុខទៀត ដូច្នេះនគរបាលយុត្តិធម៌ អាជ្ញាធរ ភូមិ ឃុំ ត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត មកលើសមត្ថកិច្ច​ផងដែរ​៕SRP