អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនពលរដ្ឋ​ រងគ្រោះដោយខ្យល់កន្ត្រាក់​ ជាង៨០គ្រួសារ​ នៅស្រុកស្ទឹងត្រង់​

0

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ នៅព្រឹកមិញនេះ បាននាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ប្រគល់ជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់​ ចំនួន ៨៥ គ្រួសារ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ដេីម្បី​ជួយសម្រាលទុក្ខលំបាក​ របស់​បងប្អូន​បប្រជាពលរដ្ឋ។​ លោកក៏បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យបន្តរៀនរស់នៅជាមួយជម្ងឺកូវិដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានទ្វេដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣យ៉ាងគឺការលាងសម្អាតដៃជាប្រចាំ ការពាក់ម៉ាស់ ឬ ប្រើក្រម៉ា ត្រូវ​រក្សា​គម្លាតសុវត្ថិភាពសង្គម” ៣ការពារ ៣កុំ ” និងសូមចូលរួមចាក់វ៉ាក់សាំង អោយបានគ្រប់ៗគ្នា។

គួរ​បញ្ជាក់​ថា​ អំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៨៥គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន ថវិកា​ ចំនួន​ ១០ម៉ឺនរៀល​ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង​ ឃីត១​កញ្ចប់​ និង​អាវ​ចំនួន៤។ ប្រគេនព្រះចៅអធិការវត្តទួលរកា​ អង្ករ១០០គីឡូក្រាម​ មី ៤កេស​ ត្រីខ ៤យួរ និងបច្ច័យ២០​ម៉ឺនរៀល​ផងដែរ៕SRP