បទល្មើសព្រៃឈើ ក្នុងខេត្តកំពង់ធំ នៅតែបន្តកើតមាន

0

ខេត្តកំពង់ធំ៖បទល្មើសដឹកជញ្ជូនឈើនៅក្នុងខេត្តកំពង់ធំនៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីអាជ្ញាធរសមត្ថកិច្ចជំនាញមានការរឹតបន្តឹងយ៉ាងណាក៏ដោយ។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សមត្ថកិច្ចចម្រុះខាងជើងបឹងទន្លេសាប បានបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង។

មន្ត្រីជំនាញបានឲ្យដឹងថារថយន្តដែលបានបង្រ្កាប ម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ2Q – 0696 ដឹកឈើកែច្នៃគ្រឿងផ្ទះ ប្រភេទឈើលេខ១(ត្រសេក) ចំនួន២៨ដុំ ស្មើ ១,៨០ ម៉ែត្រគូប ជារបស់ឈ្មោះងឿន ហ័ន រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ ឈើទាំងនេះដឹកចេញពីភូមិបឹង ស្រុកសណ្ដាន់ គោលដៅយកមកលក់បន្តនៅស្រុកសន្ទុក។

សូមបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើក្នុងខេត្តកំពង់ធំបានកើតមានយ៉ាងពេញបន្ទុក ចំណែកឯការបង្ក្រាបបានតិចតួចបំផុត។ ក្នុងនោះដូចជាសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ មិនត្រូវបានសមត្ថកិច្ចជំនាញខេត្តកំពង់ធំធ្វើការបង្ក្រាបនៅឡើយ៕SRP