សមត្ថកិច្ច​ចាប់ខ្លួនមនុស្ស៨នាក់ ពី​បទ​កាប់​ទន្ទ្រាន ​និង​ឈូស​ឆាយ​ដី​ខុស​ច្បាប់

0

ខេត្តព្រះសីហនុ៖មន្ត្រីបានថ្លែងប្រាប់សៀមរាបប៉ុស្តិ៍ ថា អតីតអភិបាលរងស្រុក​ព្រៃនប់ អតីតមេឃុំបិតត្រាំង ព្រមទាំងបក្ខពួកសរុបចំនួន៨នាក់ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន ក្រោយ​រកឃើញថា មានជាប់ពាក់ព័ន្ធករណីកាប់ទន្ទ្រាន ឈូសឆាយ និងកាន់កាប់ដីខុសច្បាប់​ជាច្រើន​ករណីនៅ​មូលដ្ឋានខេត្តព្រះសីហនុ។

យោងតាមសេចក្តីរាយការណ៍ថា ក្រុមនេះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមបទបញ្ជារបស់លោកឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ និងជាប្រធានគណៈកម្មការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាប​ការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់។

ការចាប់ខ្លួនធ្វើឡើងបន្ទាប់ពី​តុលាកាចោទពីបទការទន្ទ្រាន កាប់ឆ្ការ កាន់កាប់ហ៊ុព័ទ្ធ ឈូសឆាយដីរបស់រដ្ឋដោយខុសច្បាប់ជាច្រើនករណី ក្នុងនោះ​មានទាំងបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទផ្តល់សេចក្តីប្រកាស​ក្លែងភូតភរ​កុហក​ផងដែរ។

យោងតាមរបាយការណ៍របស់គណៈកម្មការប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតករណីដីធ្លី និងបង្ការទប់ស្កាត់ បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ បានបង្ហាញថា

ជនសង្ស័យទាំង៨នាក់ រួមមាន៖

ទី១៖ ឈ្មោះ ណុប ភាន ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រៃនប់ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អតីតអភិបាលរងស្រុកព្រៃនប់) ដើរតួជាម្ចាស់ដី ក្លែងស្នាមមេដៃ

ទី២៖ ឈ្មោះ រស់ ប៊ីថុល ភេទប្រុស អាយុ៣៩ឆ្នាំ មានទីកន្លែងកំណើត នៅភូមិត្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី ជាអ្នកមានលុយតួនាទី អ្នករត់ការ ឯកសារក្លែង ទៅគ្រប់មន្ទីរក្រសួង

ទី៣៖ ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស អាយុ៤១ឆ្នាំ ទីកន្លែងកំណើតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មុខរបររកស៊ីដីធ្លី អ្នកក្លែងឯកសារ និងមេចលនាកៀងគរប្រជាពលរដ្ឋឱ្យទៅចាប់ដី រួចខ្លួនការពារពីក្រោយ

ទី៤៖ ឈ្មោះ ឡាក់ គាន ភេទប្រុស អាយុ៣៥ឆ្នាំ ទីកន្លែងកំណើតនៅទីរួមខេត្តកំពត ជាអតីតមេឃុំបិតត្រាំង ជំនាញក្លែងឯកសា គ្រប់ទម្រង់ឯកសារលើលិខិតទិញ-លក់ និងលើលិខិតបញ្ជាក់ផ្សេងៗទៀត

ទី៥៖ ឈ្មោះ វ៉េ វ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តសៀមរាប មុខរបររកស៊ីដី តួនាទីអ្នករត់ការឯកសារក្លែង

ទី៦៖ ឈ្មោះកែវ វាសនា (ឈ្មោះក្លែងក្លាយ) ឈ្មោះ ប្រើពិតឈ្មោះ មូល សុខខឿន ជាអ្នកសារព័ត៌មានព្រះអាទិត្យ

ទី៧៖ ឈ្មោះ ផេង សុផល ជាប់ពាក់ព័ន្ធនឹងករណីក្លែងឯកសារសាធារណៈ លួចលក់អចលនទ្រព្យ ដីកម្មសិទ្ធិស្រប់ច្បាប់អ្នកដទៃ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៨៖ ឈ្មោះ ឌួង ស៊ីបុណ្ណថុល ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិបទល្មើស គំរាមកំហែង សម្លាប់ ធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ក្លែងឯកសារ ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ញុះញ៉ង់ជាអាទិ៍ និងបង្កចលាចលដីធ្លីធ្វើឲ្យវឹកវរដល់អាជ្ញារធខេត្ត។

មន្ត្រីបានថ្លៃងបន្តថាជនសង្ស័យទាំងនេះ មានជំនាញធ្វើឯកសារក្លែងផ្សេងៗត្រឡប់ថ្ងៃ ខែ ឆ្នាំថយក្រោយ ដើម្បីក្លែងបន្លំថា ខ្លួនមានដី និងបានកាន់កាប់ដីជាយូរឆ្នាំមកហើយ ទើបធ្វើឲ្យមានជម្លោះដីធ្លីកើតមានឡើងជាច្រើនករណី នៅខេត្តព្រះសីហនុ៕SRP