អនុប្រធានគណបក្សប្រជាជន ណែនាំឱ្យបង្កើនការខិតខំប្រឹងប្រែង ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថភាពសង្គម ឱ្យបានល្អប្រសើរ

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានផ្ដល់ការណែនាំឱ្យបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថភាពសង្គមឱ្យបានល្អប្រសើរដើម្បីបង្កបរិយាកាសដល់ការរៀបចំការបោះឆ្នោត និងការអភិវឌ្ឍន៍សង្គមគ្រប់វិស័យនៅមូលដ្ឋាន បន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព។

សម្ដេច ស ខេង ថ្លែងណែនាំយ៉ាងដូច្នោះនៅរសៀលថ្ងៃសៅរ៍ ទី២ ខែតុលា ម្សិលមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ បានរារាំងមិនឱ្យមានការជួបប្រជុំគ្នាដោយផ្ទាល់ ហើយថាជាមួយគ្នានេះ ការចុះបំពេញការងារនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សក៏មានមិនសូវមានភាពរលូនល្អដែរ ។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថា ក្រុមការងារគណបក្សគ្រប់ថ្នាក់នៃខេត្តព្រៃវែង បានខិតខំសម្របសម្រួលអនុវត្តសម្រេចបានផែនការសកម្មភាពសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ។

សម្ដេចក្រឡាហោម បានបន្តថាថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់មូលដ្ឋានក្នុងខេត្តព្រៃវែង ក៏បានពុះពារខិតខំប្រឹងប្រែងលើកកម្ពស់ភាពជាម្ចាស់ក្នុងការរែកពន្ធការងារនានា ទាំងការងារគណបក្ស ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការដោះស្រាយជីវភាពប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងគ្រោះធម្មជាតិនានា ព្រមទាំងការគ្រប់គ្រងរដ្ឋបាល ការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការផ្ដល់សេវាសាធារណៈ និងការធានាប្រក្រតីភាពគ្រប់វិស័យនៅមូលដ្ឋាន ។

សម្ដេចក្រឡាហោមបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៩ខែទៀតប៉ុណ្ណោះ ហេតុនេះកិច្ចប្រជុំនៅថ្ងៃនេះនឹងផ្ដោតលើការរួមគ្នាពិនិត្យពិភាក្សាលើការអនុវត្តកិច្ចការដែលបានអនវត្តកន្លងមក និងកិច្ចការដែលនៅសេសសល់ ដើម្បីកំណត់ទិសដៅការងារត្រូវអនុវត្តបន្តសំដៅរួមគ្នាដណ្ដើមយកជោគជ័យសម្រាប់គណបក្សក្នុងការបោះឆ្នោតខាងមុខ ។

សម្ដេច ស ខេង បានផ្ដល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅតាមវិធានការរាជរដ្ឋាភិបាល ការងារពង្រឹងសមត្ថភាពនិងបទពិសោធន៍ដើម្បីឱ្យយុវជនគណបក្សកាន់តែមានសក្ដានុពល និងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន ។

សម្ដេចក្រឡាហោមក៏បង្ហាញការកត់សំគាល់លើកិច្ចការសំខាន់ដែលត្រូវបន្តខិតខំរួមគ្នាអនុវត្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នាំ២០២១ ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ការរៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់អាណត្តិទី៥ និងកំណត់គោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់អាណត្តិទី៥ ការរៀបចំសន្និបាទគណៈកម្មាធិការគណបក្សឃុំសង្កាត់ ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ និងការពង្រឹងពង្រីកសមាជិកគណបក្ស៕SRP