ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ាសៀងណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប រួមជាមួយនិងរដ្ឋបាលក្រុងសៀមរាប នៅល្ងាចថ្ងៃទី០២ ខែតុលា ម្សិលមិញ បាននិមន្តព្រះសង្ឃចំនួន២១វត្តនៅក្នុងក្រុងសៀមរាប ដើម្បីវេរប្រគេននូវទ័យវត្ថុនិងគ្រឿងឧបភោគបរិភោគ សម្រាប់ដោះស្រាយការខ្វះខាតនិងបញ្ហាប្រឈម នានា ក្នុងទីវត្ត អារាមអំឡុងពេលនៃវិបត្តិជំងឺកូវីដ។
ពិធីនេះស្ថិតក្នុង គេហដ្ឋានរបស់ ឯកឧត្តម អ្នកឧកញ៉ាសៀងណាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបនិងមន្ត្រីក្រោមឱវាទ។
ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា កម្មវិធីប្រគេនទេយ្យទាននាថ្ងៃនេះ គឺកើតឡើងដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងសៀមរាប រួមជាមួយនិងក្រុមគ្រួសារ របស់ឯកឧត្តម អ្នកឧកញ៉ា ហើយព្រមទាំង ក្រុមការងាររបស់ឯកឧត្តមអ្នកឧកញ៉ាផងដែរ។ ដោយហេតុថា នៅក្នុងខេត្តសៀមរាប មានការរីករាលដាលជាបន្តបន្ទាប់នូវជំងឺកូវីដ-១៩និងជាខេត្តមួយស្ថិតនៅក្នុងចំណោមរាជធានីខេត្ត ដែលក្រសួងសុខាភិបាលបានចាត់ទុកជាទីតាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ៣កុំ ៣ការពារ ដូច្នេះប្រជាពលរដ្ឋពុំបានចេញក្រៅ ពិបាកយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយប្រឈមការខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ៤ជាដើមក្នុងរដូវបិណ្ឌភ្ជុំនេះ។
ឯកឧត្ដមអ្នកឧកញ៉ា ក៏បានបន្ដថា នេះជាសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណគ្រប់ព្រះអង្គបានមួយរយៈផងដែរ ប៉ុន្តែប្រការសំខាន់ សូមអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាជួយក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទរបស់យើងគ្រប់ៗគ្នា ឱ្យពង្រឹងនូវការគោរពតាម វិធានការ៣កុំ និង ៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត។ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗមាន៖ អង្ករ ១៥០គីឡូក្រាម .មី៦កេសតូច . ត្រីខកំប៉ុង១កេស. ទឹកត្រី ២យួរ.ទឹកស៊ីអ៊ីវ៣យួរ. ស្ករស៨គីឡូក្រាម. ទឹកបរិសុទ្ធ១កេស និងបច្ច័យ ៧០ម៉ឺននរៀល៕SRP

