ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែនដែលបម្រើឲ្យការព្យាបាលជំងឺកូវីដ-១៩នេះ ជាអំណោយរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដោយម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពអាចផលិតខ្យល់អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់ឯណោះ។ លោកថាបន្ទាប់ពីតំឡើងម៉ាស៊ីននេះរួច ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯង គឺមិនចាំបាច់ទៅទិញ និងដឹកជញ្ជួនពីរាជធានីភ្នំពេញទៀតនោះឡើយ។
លោកបញ្ជាក់យ៉ាងដូច្នេះនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសចុះពិនិត្យពិនិត្យស្ថានីយ៍ផលិតខ្យល់អុកស៊ីហ្សែន នៅមន្ទីរពេទ្យខេត្តកំពង់ចាមនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម។
លោកអ៊ុន ចាន់ដា ក៏បានពន្លឿនដល់ក្រុមការងារបច្ចេកទេស ឲ្យខិតខំបង្ហេីយការងារមួយចំនួនដែលនៅសេសសល់ ដេីម្បីផ្ទេរអ្នកជំងឺកូវីដ-១៩ ពីវិទ្យាល័យព្រះសីហនុ មកព្យាបាលនៅទីនេះវិញ។
គួររំលឹកផងដែរថា កន្លងទៅនេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំឃ្លាំងពាណិជ្ជកម្ម ៣ ទីតាំងសម្រាប់ធ្វើជាកន្លែងចត្រាឡីស័ក និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ដោយទីតាំង ទី១ ឃ្លាំង នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័ក អាចដាក់ប្រជាពលរដ្ឋក្នុងរង្វង់ពី ៨០០ ទៅ ១០០០ នាក់។ ទីតាំងទី ២ ឃ្លាំងនៅក្នុងស្រុកកងមាស ធ្វើជាមណ្ឌលចត្តាឡីស័ក អាចដាក់ប្រជាពលរដ្ឋ ធ្វើចត្តាឡីស័កក្នុងរង្វង់ពី ៨០០ ទៅ ១០០០ នាក់ផងដែរ។ ទីតាំងទី៣ គឺឃ្លាំងចំនួន៣ ស្ថិតក្នុងស្រុកកំពង់សៀម គឺត្រូវបានរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត ១០០០នាក់៕SRP

