លោកហ៊ុន ម៉ាណែត ផ្ដល់អំណោយដល់កម្លាំងតំបន់ប្រតិបត្តិការ សឹករងខេត្តត្បូងឃ្មុំ​

ខេត្តត្បូងឃ្មុំ​៖តំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ បានទទួលអំណោយ សម្រាប់ផ្គត់ផ្គង់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ពិសេសបន្តកិច្ចការពារបូរណភាពទឹកដី ពីលោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី។

ការទទួលបានអំណោយនៅព្រឹកមិញនេះតាមរយៈ លោកជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងភរិយា។

លោកជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ អរគុណដល់ទឹកចិត្តរបស់កម្លាំងយោធា នៃតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារបូរណភាពទឹកដី គាំទ្រឥតងាករេរ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកជាម ច័ន្ទសោភ័ណ បានថ្លែងទៅកាន់កងកម្លាំងយោធានាឱកាសនោះ ត្រូវបំរើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់តាមបន្ទាត់ព្រំដែនប្រវែង១៣៤គីឡូម៉ែត្រ មិនឲ្យបុគ្គលណា ឬប្រទេសណាឈ្លានពានទឹកដី នេះជាកតព្វកិច្ចកងកម្លាំង បន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ មិនឲ្យមានការចលាចលក្នុងមូលដ្ឋាន ដោយអនុវត្តន៍តាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។

អភិបាលខេត្តត្បូងឃ្មុំ សង្ឃឹមយ៉ាងមុតមាំថា កងកម្លាំងយោធាយើងទាំងអស់បន្តឈរយ៉ាងរឹងមាំការពារទឹកដី និងត្រៀមកម្លាំងអន្តរាគមន៍ នៅពេលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវការ បូករួមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថដូចគ្នា។ អំណោយនាំយកទៅផ្តល់ជូនរួមមាន អង្ករ២តោន ទឹកសុទ្ធ២០០កេស មី១០០កេស ម៉ាស៥០០០ម៉ាស អាកុល១៥០លីត្រ បន្លែ១៨០គីឡូក្រាម និងថវិកាមួយចំនួន៕SRP