ខេត្តកំពង់ចាម៖អភិបាលខេត្តលោកអ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវក្ដោបឲ្យបាននូវដើមហេតុ នៃការឆ្លង ហើយស្វែងរកមូលហេតុ និងប្រភព នៃការឆ្លង ព្រមទាំង រកវិធានការណ៍គ្រប់គ្រង និងអន្តរាគមន៍ជាបន្ទាន់ ជាពិសេស ការអនុវត្តវិធានការណ៍ទាំង ៧ចំណុច ដែលលោកធ្លាប់បានណែនាំកន្លងទៅនោះ។
លោកអ៊ុន ចាន់ដា មានប្រសាសន៍ថា កាលយប់មិញ ប្រមុខរាជរដ្ឋាភិបាលបានណែនាំបន្ថែម គឺមិនតម្រូវឲ្យធ្វើការយកសំណាក តាមរយៈ រ៉ាពីតតេស្ត បន្តទៀតឡើយ។ផ្ទុយទៅវិញ គឺត្រូវយកសំណាករាល់ចំពោះអ្នកសង្ស័យ ទៅពិនិត្យក្នុងម៉ាស៊ីន PCR វិញ ដោយត្រូវកំណត់ទីកន្លែងមួយច្បាស់លាស់។
លោកបានបញ្ជាក់ដែរថា ចំពោះមុខ ជាការជំនួសការធ្វើរ៉ាពីតេស្ត យើងប្រើប្រាស់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ពិនិត្យសំណាក ព្រោះថា ម៉ាស៊ីននៅទីនេះ យើងអាចធ្វើការពិនិត្យសំណាក បានប្រមាណជា ១០០នាក់ ក្នុង១ថ្ងៃ ក៏ប៉ុន្តែ បើសង្ស័យថា ជាករណី ដែលតា យើងត្រូវផ្ញើសំណាកនេះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយត្រូវរង់ចាំរយៈពេល៣ថ្ងៃ។
លោកថា ការអនុវត្តសំណាកនេះ គឺធ្វើទៅលើគោលដៅ ២ គឺ៖ ១.អ្នកដែលយើងសង្ស័យ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍ មកមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដើម្បី បញ្ជូនពួកគាត់មកពិនិត្យសំណាក ម៉ាស៊ីន PCR។ និងទី២.សាមីខ្លួន មានអាការៈក្ដៅខ្លួន ផ្ដាសាយ ហៀរសំបោរ ហើយសង្ស័យនោះ ពួកគាត់អាចទៅពិនិត្យដោយខ្លួនឯង។
លោកលើកឡើងថា ចំពោះ រ៉ាពីតតេស្ត គឺយើងទុកប្រើប្រាស់ ដើម្បី ធ្វើការពិនិត្យសំណាកលើអ្នកដែលមកសម្រាកព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងពលករចំណូលស្រុកវិញ។
លោកណែនាំបែបនេះនៅព្រឹកមិញក្នុងឱកាសដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់។
តាមរបាយការណ៍បញ្ជាក់ របស់អាជ្ញាធរស្រុកទាំង ២ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រុកមានការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ តាមទីផ្សារ សាលារៀន និងវត្តអារាម ផងដែរ។ ជារួមមកដល់ពេលនេះ នៅក្នុងស្រុកចំការលើ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៧១៨នាក់ ស្លាប់ ០៩នាក់។ ដោយឡែក ក្នុងស្រុកស្ទឹងត្រង់ មានអ្នកឆ្លងជម្ងឺកូវីដ ១៩ សរុបចំនួន ៦៧៣នាក់ ស្លាប់ ១៣នាក់៕SRP

