អភិបាលខេត្តកំពង់ចាម កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំង​៣ប្រភេទ​ ដែលបានខិតខំការពារសន្តិសុខ ជូន​ប្រជាពលរដ្ឋ​

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​ទាំង​៣ប្រភេទ​ ដែល​កន្លងមក​តែងតែ​ខិតខំ​ថែរក្សា​​ ការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ជាពិសេស​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​។

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ថែទាំ​សុខភាព​របស់​ខ្លួន​ និង​ក្រុមគ្រួសារ​ ជាពិសេស​ត្រូវ​ អនុវត្តតាមនូវ​វិធានការ​ ៣ការពារ​ ៣កុំ​។

លោកថ្លែងកោតសរសើរបែបនេះ នៅថ្ងៃទី​២៨​ ខែកញ្ញា​ នេះ​ ក្ក្នុងឱកាសផ្តល់​អំណោយ​ជា​ថវិកា​ និង​សម្ភារ​ ជូន​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ យោធា​ខេត្ត​ និង​កងរាជអាវុធហត្ថ​​​ខេត្ត​ ដើម្បី​ទ្រទ្រង់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​។

គួរ​បញ្ជាក់​ថា​ អំណោយដែលអភិបាលខេត្ត​ ផ្តល់​ជូន​កងកម្លាំង​ប្រដាប់​អាវុធ​​ទាំង៣​ ក្នុង​ខេត្តកំពង់ចាម​ រួមមាន​ ស្នងការដ្ឋាននគរបាលខេត្ត​ ទទួល​បាន​ថវិកា​ចំនួន​​ ១០លានរៀល​​ ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ១៥០លីត្រ​ យោធា​ខេត្ត​ ទទួល​បាន​ថវិកា​ ១០លានរៀល​ ​ម៉ាស​ ២ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​១៥០លីត្រ​ និង​កងរាជអាវុធហត្ថ​ខេត្ត​ ទទួល​បាន​ថវិកា​ ចំនួន​១០លានរៀល​ ​ម៉ាស​ ១ម៉ឺន​សន្លឹក​ និង​ទឹក​អាល់កុល​ ចំនួន​​១៥០លីត្រ​ ផងដែរ​​៕SRP