អាជ្ញាធរស្រុកស្រីសន្ធរ​​​ ​ដាក់​​​​ដេញ​​ថ្លៃ​​​គម្រោង ចំនួន​៤​ស្ថាបនា​ផ្លូវ​បេតុងអាមេ​​

ខេត្តកំពង់ចាមអាជ្ញាធរសាលា​ស្រុក​ស្រីសន្ធរ​​​​​​​​​ នៅព្រឹកមិញនេះបានប្រកាស​ដាក់ឲ្យ​ដេញ​ថ្លៃ​ ចំនួន​៤គម្រោង​ ដើម្បីស្ថាបនា​ផ្លូវ​បេតុងអាមេ​​ ជាង១០០០ម៉ែត្រ។

គម្រោងការដេញថ្លៃក្រោម​វត្តមាន​​លោក​ ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ និង​លោក​ បែត​ វ៉េងឃីម​ អភិបាល​រង​ស្រុក​ស្រីសន្ធរ​​​ ដោយ​មាន​ការ​ចូលរួម​ពី​​ក្រុម​ការងារ​សម្របសម្រួល​ខេត្ត​ និង​ស្រុក​ ព្រមទាំង​គណៈកម្មការ​​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។ ដោយគម្រោងនេះគឺមូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​​​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​ ​ឡី​ មិច​​​​​​ បាន​ធ្វើ​ការ​សំណូមពរ​ដល់​​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​​អនុវត្ត​វិធានការ​សុខាភិបាល​ ដេីម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ជាពិសេស​ត្រូវ​អនុវត្ត​វិធានការ​៣ការពារ​ ៣កុំ​ ​​ក្នុងនោះត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​ពាក់​ម៉ាស​ការពារ​ឲ្យ​បាន​គ្រប់ៗគ្នា​។ ដោយឡែក​ចំពោះ​ការ​ដេញ​ដេញថ្លៃគម្រោង​មូនិធិ​ឃុំ​​នេះដែរ​ ត្រូវ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ ​ដោយ​ភាព​ថ្លៃថ្នូរ​ និង​កុំ​ឲ្យ​មាន​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​​ ហេីយ​ការ​សាងសង់​សំណង់​ ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ផងដែរ​។

លោក​បែត​ វ៉េងឃីម​ អភិបាលរង​ស្រុកស្រីសន្ធរ​​ បាន​ឲ្យដឹងថា​ គម្រោង​មូលនិធិ​ឃុំ​​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៤ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំ​ផ្ទះ​កណ្តាល​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ ម៉ែត្រ​ ទទឹង ៣ម៉ែត្រ នៅភូមិផ្ទះកណ្តាលក្រោម ភូមិចុងបឹង និងភូមិអូរលាវ។​ ​
២-ឃុំ​ព្រែកពោធិ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤០០ម៉ែត្រ​ ទទឹង ៤ម៉ែត្រ​ នៅភូមិប្រថ្នល់។ ​
៣-ឃុំ​ព្រែករំដេង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង​ ២៣១ម៉ែត្រ​ ទទឹង៣.៥ម៉ែត្រ​ នៅភូមិអូរឡេង​។​
៤-ឃុំ​ឫស្សីស្រុក​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង​ ២០០ម៉ែត្រ​ ទទឹង៤.៥ម៉ែត្រ​ នៅភូមិត្នោតលើ​៕SRP