មន្ត្រីចាប់ខ្លួនបុរសម្នាក់ រឹបអូសគ្រឿងញៀន ជិត១គីឡូក្រាម

ខេត្តតាកែវ៖មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនជាតិខ្មែរម្នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅខេត្តតាកែវ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី នៅចំណុច ផ្លូវលេខ៣ ស្ថិតក្នុងភូមិក្រាំងត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ លោក ឃឹង សារ៉ាត់ នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ជីវ ចន្ទ័តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ។

មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាករណីបង្រ្កាបការជួញដូរគ្រឿងញៀនដោយខុសច្បាប់ នេះជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ លិន តូច ភេទប្រុសអាយុ៤៧ឆ្នាំ។ ក្នុងនោះរឹបអូសម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់សិទ្ធ ៨៥៤.៣៦ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ តាមនីតិវិធី។ សូមជម្រាបថាប្រតិបត្តិការនេះអនុវត្តតាមបញ្ជា លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕SRP