ខេត្តសៀមរាប៖មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានបដិសេធការចោទប្រកាន់ថា បានកាប់ដើមឈើធំៗ នៅមុខប្រាសាទអង្គរ សម្រាប់ធ្វើអាជីវកម្ម។
ការបដិសេធបែបនេះបន្ទាប់ពី កាសែតឌឹខេមបូឌាដេលី ដែលបានផ្សាយចោទប្រកាន់អ្នក គ្រប់គ្រងរមណីយដ្ឋានអង្គរថា បានកាប់ដើមឈើធំៗនៅមុខប្រាសាទអង្គរវត្ត ដើម្បីធ្វើអាជីវកម្ម។
នៅមុខប្រាសាទអង្គរ នៅថ្ងៃទី១៦ ខែកញ្ញាម្សិលមិញ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញរបស់អាជ្ញាជាតិអប្សរា បានកាប់ដើមឈើប្រភេទឈើទាល ចំនួន២ដើមនៅមុខបរិវេណប្រាសាទអង្គរវត្ត។
លោក យិត ចាន់ដារដ្ឋ ថ្លែងថា មុននឹងកាប់ដើមឈើទាំង២ដើមនោះ មន្ត្រីជំនាញបានថែទាំព្យាបាលវាយ៉ាងហ្មត់ចត់បំផុតដើម្បីឱ្យមានជីវិត ប៉ុន្ដែដោយសារវាមានអាយុកាលច្រើនឆ្នាំ និងមានជំងឺមិនអាចព្យាបាលបានទើបអាជ្ញាធរសម្រេចកាប់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ហើយការកាប់នេះមានការជូនដំណឹងជាមុន មិនមែនកាប់ធ្វើអាជីវកម្មដូចការរិះគន់របស់បុគ្គលមួយចំនួន និងការចុះផ្សាយតាមបណ្ដាសង្គមហ្វេសប៊ុករបស់ឌឹខេមបូឌាដេលីខ្មែរនោះទេ។
លោកបានថ្លែងទៀតថា ដើមឈើនៅខាងមុខអង្គរនោះ មានច្រើនដើមដែលបានមានហានីភ័យដល់ភ្ញៀវទេសចរ សំណង់អគារជាដើម ជាក់ស្ដែងដើមឈើទាលនៅខាងអង្គរវត្ដដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកទេសចរ។ លោកថា ដើមឈើពិតមែនតែជារុក្ខជាតិ ប៉ុន្ដែវាក៏មានជំងឺដូចមនុស្សសត្វដែរ ដែលលោកចាត់ទុកការរិះគន់និងការផ្សព្វផ្សាយតាមហ្វេសប៊ុកឌឹខេមបូឌាដេលីជាព័ត៌មានបំភ្លើសខ្វះការពិត។
បើតាមលោក យិត ចាន់ដារដ្ឋ ដើមឈើនៅខាងមុខអង្គរក្នុងបរិវេណប៉ាកវី នឹងត្រូវកាត់កាត់ចោលបន្ថែមទៀត ព្រោះវាបានងាប់ ទោះបីអ្នកជំនាញអាជ្ញាធរជាតិខិតខំថែរក្សា យ៉ាងក៏ដោយ ដើម្បីកុំឱ្យមានហានីភ័យដល់អ្នកទេសចរ ក៏ដូចប្រជាពលរដ្ឋ អាជីវករផងដែរ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២១នេះ ផេកហ្វេសប៊ុក ឌឹខេមបូឌាដេលី ខ្មែរ The Cambodia Daily Khmer បានផ្សព្វផ្សាយថា ដើមឈើទាលធំៗមានអាយុកាលរាប់រយឆ្នាំ ដុះក្នុងតំបន់ឧទ្យានអង្គរទល់មុខប្រាសាទអង្គរវត្ត ដែលទាក់ទាញភ្ញៀវទេសចរនោះ កំពុងប្រឈមងាប់ជាបណ្តើរៗដោយសារដាក់ថ្នាំពុល និងមានដើមឈើខ្លះទៀត ត្រូវគេកាប់ដោយស្របច្បាប់។
យោងតាមលោក យិត ចាន់ដារដ្ឋ បានលើកឡើងថា កន្លងមកអាជ្ញាធរជាតិអប្សរា បានធ្វើការដកហូតដើមឈើដែលមានអាចបង្កហានិភ័យប្រមាណជា៣០០ដើមរួចមកហើយ ហើយរាល់ការដកហូតសុទ្ធតែមានការជូនដំណឹងជាមុន។ ក្រៅពីការដកហូតនេះ អាជ្ញាធរជាតិអប្សរា ក៏បានធ្វើការដាំកូនឈើ និងចែកកូនឈើដល់សាធារណជនក្នុងមួយឆ្នាំៗប្រមាណជា២០ម៉ឺនដើមផងដែរ៕SRP