អភិបាលខេត្ត ព្រមានដាក់ក្រុងសៀមរាប ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានព្រមានដាក់ក្រុងសៀមរាបជាតំបន់ក្រហមក្នុងពេលឆាប់ៗនេះ។

ការព្រមានបែបនេះបន្ទាប់ពីលោកបានអះអាងនៅប៉ុន្មានថ្ងៃចុងក្រោយនេះថា ក្នុងខេត្តសៀមរាបមានករណីឆ្លងជំងឺកូវីដ១៩មានការកើនឡើង។

អភិបាលខេត្តសៀមរាប លោកទៀ សីហា នៅព្រលប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ បានបញ្ជាក់នៅលឺទំព័រ page facebook ថា៖ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។

លោកទៀ សីហា បានបញ្ជាក់ថា ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។ ជាមួយគ្នានេះលោកទៀ សីហា ក៏បាន អំពាវនាវ ឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការសុខាភិបាល ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ,កុំនៅប៉ះពាល់គ្នា។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែកញ្ញា នេះអាជ្ញាធរខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្តាហ៍ រហូតដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប៕SRP