អភិបាលខេត្តត្បូងឃ្មុំ ប្រាប់នគរបាលឲ្យ ប្រឹងការពារសុខសុវត្ថិភាព ជូនពលរដ្ឋ

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោកជាម ច័ន្ទសោភ័ណ បានប្រាប់ដល់មន្ត្រី​នគរបាល​ទាំងអស់​ ត្រូវបន្តធ្វើកិច្ចការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព»។

អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ​ ៣ការពារ​ ៣កុំ​ ដើម្បីចៀសផុត​ពីជំងឺកូវីដ។

អភិបាលខេត្ត​ ក៏បានធ្វើការសំណេះសំណាលលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងកំពុងឈរជើង១២ គោលដៅ លេីទីតាំងបិទខ្ទប់២ សរុប៨៤នាក់ ដោយបានឧបត្ថម្ភ មី៦៥កេស ទឹកសុទ្ធ៣០កេស ម៉ាស២កេស អាកុល៣កាន និងថវិកាក្នុងម្នាក់២ម៉ឺនរៀល សរុប១,៦៨០,០០០រៀល​ផងដែរ។

លោកថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យស្ថានភាព​ពលរដ្ឋ ធ្វើ​ចត្តាឡីស័ក​ ក្នុងតំបន់បិទខ្ទប់​ នៅក្រុងសួង​ និងស្រុកត្បួងឃ្មុំ នៅព្រឹក​មិញនេះ​។

សូមជម្រាបថាលោកជាម ច័ន្ទសោភ័ណ និងក្រុមការងារ​ ក៏បានចុះពិនិត្យផ្លូវមួយខ្សែដែលខូចខាតដោយទឹកភ្លៀងជន់លិច ក្នុងការវាយតម្លៃលើការងារជួសជុលឡើងវិញ។លោកក៏បានចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព មានផ្ទៃក្រឡា១៥ហិកតា ត្រៀមសម្រាប់ពលរដ្ឋ​ ដែលរងគ្រោះដោយទឹកជំនន់ មកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងឃុំទន្លេបិទ ស្រុក​ត្បូងឃ្មុំ​ ផងដែរ​៕SRP