អភិបាលខេត្តកំពង់ចាម​ ប្រាប់មន្ត្រី​អប់រំ និងគ្រូទាំងអស់ ឲ្យ​ណែនាំ​ដល់​សិស្ស អនុវត្ត​៣ការពារ៣កុំ​ ដេីម្បីចៀសផុតពីជំងឺ​កូវីដ​-១៩​

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ប្រាប់ដល់​មន្ត្រី​អប់រំ​ និងលោកគ្រូ អ្នកគ្រូ ​ទាំងអស់ ឲ្យ​ណែនាំ​ដល់​សិស្សានុសិស្ស ត្រូវអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ វិធានការ​៣ការពារ ៣កុំ​ ដេីម្បីចៀសសផុត​ពី​នៃ​ជំងឺ​កូវីដ​-១៩​។ លោកថា ក្នុងនោះ​សិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវទៅ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​-១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ អំឡុងពេលសិក្សារៀនសូត្រ របស់លោកគ្រូ អ្នកគ្រូ និងក្មួយៗ​សិស្សានុសិស្ស​ នាពេលខាងមុខនេះ ដោយ​ហេតុ​ថា​ នៅថ្ងៃទី២០ ខែកញ្ញា នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១។ ដោយឡែក ក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះផងដែរ។

លោកណែនាំបែបនេះនៅព្រឹកមិញនេះ​ ក្នុងឱកាសផ្ដល់​សម្ភារ​ការពារ​ជំងឺ​កូវីដ​-១៩​ រួមមាន​ ​ម៉ាស​ អាកុល​ សាប៊ូ​ និង​ថវិកា​ ជូនដល់សាលា​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​ ខណៈ​សាលា​ ចំនួន​១២៤​ ក្នុង​ខេត្តកំពង់ចាម​​ត្រៀម​បេីក​ឲ្យ​សិស្ស​ចូល​សិក្សា​ឡេីង​វិញ​នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆាប់ៗខាងមុខនេះ​។

គួរ​បញ្ជាក់​ផងដែរ​ថា​ សម្ភារ​ដែល​ត្រូវ​ផ្ដល់​ជូន​អនុវិទ្យាល័យ​ និង​វិទ្យាល័យ​​ទាំង​ ១២៤សាលា​ ដោយ​ក្នុង​១សាលា​ទទួល​បាន​ ​ម៉ាស​ ១០០០​ម៉ាស​ ទឹកអាកុល ៣០លីត្រ និង​សាប៊ូ ១៥ដុំ ចំពោះ​សាលា​ ដែលត្រូវ​យកធ្វើជាមណ្ឌលចត្តាឡីស័ក ចំនួន​ ២២សាលា​ ក្នុង​១សាលា​ ទទួល​បាន​ថវិកា​ ១លានរៀន។ ដោយឡែក វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាមត្រូវយកធ្វើជាមន្ទីរពេទ្យព្យាបាលកូវីដ កម្រិតស្រាលទទួលបានថវិកា២លានរៀល​ផងដែរ​៕SRP