ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ដល់ក្មួយៗ សិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ នៅពេលបើកឲ្យដំណើរការសាលារៀនឡើងវិញ។ ក្រៅពីនោះ ត្រូវអនុវត្តនូវវិធានសុខាភិបាល «៣ការពារ និង៣កុំ»ផងដែរ។
ថ្លែងយ៉ាងដូច្នេះក្នុងឱកាសលោកបានជួបសំណេះសំណាល ជាមួយក្មួយៗ សិស្សានុសិស្ស ដែលទទួលបានអាហាររូបករណ៍ ចំនួន ៩៩នាក់ និងពិនិត្យការរៀបចំសាលាឡើងវិញ នៅវិទ្យាល័យ ជួន ណាត ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
នៅព្រឹកមិញនេះ។
អភិបាលខេត្ត ក៏បានធ្វើការណែនាំឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានអាយុ ១២ឆ្នាំ ឡើងទៅ ត្រូវអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ នាអំឡុងពេលសិក្សារៀនសូត្រ របស់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នាពេលខាងមុខនេះ ពីព្រោះថា នៅថ្ងៃទី២០ ខែកញ្ញា នេះ រដ្ឋបាលខេត្តកំពង់ចាម នឹងសម្រេចបើកឲ្យដំណើរសាលាឡើងវិញ ចាប់ពីថ្នាក់កម្រិតអនុវិទ្យាល័យឡើង នៅក្នុងដំណាក់ទី១។ ដោយឡែកក្នុងដំណាក់ទី២ ក៏គ្រោងឲ្យបើកដំណើរការរៀនសូត្រ នៅថ្នាក់កម្រិតបឋមសិក្សា នៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ។
ដោយឡែក ក្នុងឱកាសដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យឃ្លាំងពាណិជ្ជកម្ម ១កន្លែង ស្ថិតនៅចំណុចភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ដែលត្រៀមរៀបចំធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា បានជម្រុញដល់ក្រុមការងារបច្ចេកទេស ធ្វើយ៉ាងណា ត្រូវពន្លឿនការងារនេះ ឲ្យរួចមុនថ្ងៃទី២០ ខែកញ្ញា នេះ ដើម្បីបញ្ជូនអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលកំពុងសម្រាកព្យាបាល នៅវិទ្យាល័យព្រះសីហនុ មកសម្រាកព្យាបាលនៅទីនេះវិញ ក៏ព្រោះតែ វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ត្រូវប្រគល់ទៅឲ្យសាលាវិញ ដើម្បីបើកឲ្យដំណើរការសិក្សា ដូចធម្មតា ឡើងវិញ។
គួរបញ្ជាក់ថា ឃ្លាំងពាណិជ្ជកម្មនេះ មានចំនួន ៣អគារ ក្នុងមួយអគារៗ អាចដាក់អ្នកជំងឺបានចំនួន ២៥០នាក់ សរុបទាំង ៣អគារ អាចដាក់អ្នកជំងឺកូវីដ-១៩ បានសរុបចំនួន ៧៥០នាក់។ ដោយនាបច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស កំពុងរៀបចំទីតាំង នៃឃ្លាំងខាងលើ ជាពិសេស ការសម្រុករៀបចំតបណ្តាញភ្លើង ប្រព័ន្ធទឹក បង្គន់អនាម័យ ប្រព័ន្ធបង្ហូរទឹក បន្ទប់ពេទ្យ និងបន្ទប់ព្យាបាល ផងដែរ៕SRP